ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពត ស្នើដល់ក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី រាយការណ៍តាមរយៈទូរស័ព្ទទៅកាន់ឯកឧត្តមផ្ទាល់ ប្រសិនបើប្រទះឃើញករណីមានការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន

    BY Khmernote Media March 31, 2022
    អភិបាលខេត្តកំពត ស្នើដល់ក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី រាយការណ៍តាមរយៈទូរស័ព្ទទៅកាន់ឯកឧត្តមផ្ទាល់ ប្រសិនបើប្រទះឃើញករណីមានការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា អភិបាលខេត្តកំពត បានមានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀន គ្រូពេទ្យ គ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកទឹកឈូ ខេត្តកំពត នៅបរិវេណវត្តសិរីធានី ស្ថិតក្នុងភូមិអន្លង់គគីរ ឃុំកណ្ដោល ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលមានគ្រូបង្រៀន គ្រូពេទ្យ គ្រួសារម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីចូលរួមចំនួន ២ពាន់នាក់។

    ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីទាំងអស់ ត្រូវចូលរួមសហការរាយការណ៍អំពីការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈទូរស័ព្ទទៅកាន់ឯកឧត្តមផ្ទាល់ ដើម្បីឯកឧត្តមមានវិធានការក្នុងការដាក់បទបញ្ជាចុះបង្ក្រាបទីតាំងនោះបានទាន់ពេលវេលា។

    ឯកឧត្តមអភិបាលខេត្តបានលើកបញ្ជាក់ថា ការចូលរួមសហការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋពី ក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អមួយរូប ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព ដើម្បីលុបបំបាត់ឱ្យបាននូវការលេងល្បែងស៊ីសងខុសច្បាប់។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ការលេងល្បែងស៊ីសងខុសច្បាប់នេះ គឺអាចបង្កឱ្យកើតមានជាអំពើចោរកម្ម អំពើហិង្សាផ្សេងៗ និងធ្វើអោយមូលដ្ឋានរបស់យើងកើតមានភាពអសន្តិសុខ។

    ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់អាជ្ញាធរ ពិសេសកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានទាំងអស់ ត្រូវតែមានភាពសកម្មបំផុតក្នុងការចុះបង្ក្រាបទីតាំងដែលលេងល្បែងស៊ីសងឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

    ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភជូនដល់គ្រូបង្រៀន គ្រូពេទ្យ និងគ្រួសាររត់តាក់ស៊ី ម៉ូតូឌុប ម៉ូតូកង់បី ផាសស្អាប់ និងរ៉ឺម៉កសរុប ចំនួន២០០០នាក់ ក្នុងម្នាក់ៗអង្ករ ២០គីឡូ មី០១កេស ទឹកត្រី០១យួរត្រីខកំប៉ុង០១យួរ និងសារុង០១ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: