ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពពីទីផ្សារប្រមាណជាង ៧០០គីឡូក្រាម ត្រូវបានដកហូតនៅក្នុងរាជធានី-ខេត្ត ចំនួន៣

    BY Khmernote Media April 1, 2022
    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពពីទីផ្សារប្រមាណជាង ៧០០គីឡូក្រាម ត្រូវបានដកហូតនៅក្នុងរាជធានី-ខេត្ត ចំនួន៣

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្ម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ វេចខ្ចប់ស្រេច ភេសជ្ជៈ និងផលិតផលប្រើប្រាស់នានា ដើម្បីការពារសុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ ស្របតាមខ្លឹមសារនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

    តាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញនៅតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត ដេប៉ូ និងផ្សារ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្រុកបាទី ខេត្តតាកែវ ស្រុកស្វាយអន្ទរនិងស្រុកកញ្ច្រៀច ខេត្តព្រៃវែង មន្ត្រីយើងបានរកឃើញ និងដកហូតទំនិញមិនប្រក្រតី ហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះ រួមមានភេសជ្ជៈ នំ មី ។ល។

    សរុបចំនួន ៧១៦គីឡូក្រាម។ ទំនិញមិនមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីយើងយកមករក្សាទុកនៅទីស្នាក់ការរបស់សាខាដើម្បីរៀបចំនីតិវិធីកម្ទេចចោលនាពេលវេលាសមស្រប ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: