កៀកចូលឆ្នាំខ្មែរ! ពលករខ្មែរចំណាកស្រុកនៅប្រទេសថៃជាង ៤០០នាក់ វិលត្រឡប់ចូលមកប្រទេសវិញ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង០៧និង០០នាទី នាថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ ។

បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន០៤នាក់ ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០៤នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ពៅ-ចំរើន (មេបញ្ជាការរងកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៤១០នាក់ ស្រី ១៤៨នាក់ ក្មេង៥៤នាក់ ក្មេងស្រី ២២នាក់។
ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ រួចបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ជាលទ្ធផល អវិជ្ជមាន និងមានប័ណ្ណចាក់វ៉ាក់សាំងស្គែនចេញត្រឹមត្រូវទាំងអស់ បន្ទាប់មកក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន៕











ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង