លោកជំទាវ ឱ វណ្ណឌីន ៖ បងប្អូនអាចទៅទទួលវ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជំរុញបាន ក្នុងអំឡុងពេលនៃការដើរកម្សាន្តនៅថ្ងៃចូលឆ្នាំខ្មែរ នៅតាមកន្លែងកម្សាន្តសំខាន់ៗ និងនៅតាមទីវត្តអារ៉ាម
ដើម្បីជំរុញដល់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ឱ្យកាន់តែខ្លាំង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមកន្លែងកម្សាន្តសំខាន់ៗ និងនៅតាមទីវត្តអារ៉ាម បន្ថែមពីលើទីតាំងដែលមានស្រាប់ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

លោកជំទាវ បានបន្ថែមថា ៖ “ការធ្វើដូច្នេះគឺដើម្បីបងប្អូនជនរួមជាតិ អាចទៅទទួលវ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជំរុញបាន ក្នុងអំឡុងពេលនៃការដើរកម្សាន្តបងប្អូននៅថ្ងៃចូលឆ្នាំខ្មែរ បន្ថែមលើទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងបើកដំណើរការស្រាប់នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ជាដើម ដែលបានដំណើរការចាក់រាល់ថ្ងៃ។ ការធ្វើដូច្នេះគឺដើម្បីជួយសម្រួលឱ្យបងប្អូន ក្មួយៗ កម្មករ និងកម្មការិនី អាចដើរកម្សាន្តផង និងទទួលបានការចាក់វ៉ាក់សាំងផង”។
លោកជំទាវ បានរម្លឹកថា ការមកទទួលវ៉ាក់សាំងគឺដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលបាននិងកំពុងបន្តចរាចរនៅក្នុងសហគមន៍នៅឡើយ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត ដែលកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសមួយចំនួនមកហើយនាពេលបច្ចុប្បន្ននេះ។
បន្ថែមពីលើនេះ លោកជំទាវ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញ គឺដើម្បីបង្កើនកងការពារឡើងវិញ បន្ទាប់ពីការចាក់ដូសមូលដ្ឋានរួច។ ដូច្នេះសូមបងប្អូនជនរួមជាតិ មកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នានៅពេលដល់វេនចាក់ (គម្លាត៤ខែ ពីដូសទី២ទៅដូសទី៣ និងគម្លាត៤ខែដូចគ្នាពីដូសទី៣ទៅដូសទី៤)។ ទន្ទឹមគ្នានេះ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅកូនដោយទឹកដោះ អ្នកមានជំងឺប្រចាំកាយ និងអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ (គម្លាត៤ខែបន្ទាប់ជាសះស្បើយ) ក៏អាចទទួលការចាក់វ៉ាក់សាំងកូរីដ-១៩ ផងដែរ។
សូមបញ្ជាក់ផងដែរថា ចំពោះទីតាំង និងទីវត្តអារ៉ាមដែលនឹងមានការផ្តល់វ៉ាក់សាំងក្នុងអំឡុងពេល ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមេសា ខាងមុខនេះ បាននិងកំពុងប្រកាសដោយអាជ្ញាធរដែនដីរាជធានីខេត្តទាំង២៥៕
