រថយន្តកុងតឺន័របើកបុក និងកិនបុរសជនជាតិចិនម្នាក់កំពុងជិះម៉ូតូ បែកខួរស្លាប់យ៉ាងរន្ធត់
ព្រះសីហនុៈ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសជនជាតិចិនម្នាក់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តកុងតឺន័រ១គ្រឿង បើកបុកកិនបែកខួរស្លាប់ យ៉ាងអាណោចអាធ័ម នៅចន្លោះគីឡូម៉ែត្រ១២៣និង១២៤ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
រថយន្តបង្កម៉ាកកុងតឺន័រ ក្បាលត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C-4866 អ្នកបើកបររត់រថយន្តគេចខ្លួនបាត់។ សមត្ថកិច្ចបន្តថា រថយន្តនិងម៉ូតូមានទិសដៅស្របគ្នាពី(លិចទៅកើត) លុះដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកSirius RC ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយជនជាតិចិន ភេទប្រុស មិនស្គាល់ឈ្មោះ អាយុ២៦ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង មិនទាន់ស្គាល់អាស័យដ្ឋាន ។
បច្ចុប្បន្ន រថយន្តនឹងម៉ូតូ សមត្ថកិច្ចបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចំណែកសាកសពកំពុងស្រាវជ្រាវរកសាច់ញាតិ៕



