អន្តរជាតិ

ប៉េកាំងសម្រេចធ្វើតេស្តពលរដ្ឋ ២០លាននាក់ក្រោយរកឃើញករណីឆ្លងកូវីដថ្មីចំនួន ១០នាក់

BY
Pheakdey
April 26, 2022

ចិន៖ អាជ្ញាធរសុខាភិបាលនៃទីក្រុងប៉េកាំងគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះពលរដ្ឋប្រមាណជា ២០លាននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសានេះ។ ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរមើលឃើញពីរលកនៃរាតត្បាតជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័សមួយនៅក្នុងសហគមន៍ ខណៈអាជ្ញាធរមិនបានរកឃើញប្រភពដើមនៃការចម្លងនោះទេ។

ទន្ទឹមនឹងការប្រកាសអនុវត្តផែនការធ្វើតេស្តទ្រង់ទ្រាយធំនេះ អាជ្ញាធរក្រុងប៉េកាំងក៏បានសម្រេចធ្វើការបិទខ្ទប់តំបន់មួយចំនួនក្នុងទីក្រុងផងដែរ ខណៈទីកន្លែងមានមនុស្សច្រើនដូចជា ផ្សារទំនើប ក្លឹបហាត់ប្រាណ និងកន្លែងកំសាន្តភាគច្រើនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។ គួរបញ្ជាក់ថា ការទាញសញ្ញាអាសន្នរបស់អាជ្ញាធរក្រុងប៉េកាំងនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយប៉េកាំងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១០នាក់ ហើយតួលេខនេះត្រូវបានគេចាត់ទុកថា ជាចំនួនដែលអ្នកឆ្លងថ្មីគួរឲ្យបារម្ភមួយ ដ្បិតក្រុងប៉េកាំងកំពុង អនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅក្នុងកម្រិតសូន្យ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: