អន្តរជាតិ

ថៃនាំយកទុរេនតម្លៃ ៧៥លានបាតទៅលក់នៅចិនដោយដឹកជញ្ជូនតាមរថភ្លើងកាត់តាមប្រទេសឡាវ

BY
Pheakdey
April 27, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាកងងប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសានេះបានឲ្យដឹងថា អាជ្ញាធរថៃកំពុងនាំចេញទុរេនស្រស់ក្នុងបរិមាណដ៏ច្រើនមួយទៅកាន់ប្រទេសចិន ខណៈប្រទេសចិនកំពុងប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង រហូតចិនបានបិទខ្ទប់ទីក្រុងសំខាន់ៗមួយចំនួនដូចជាក្រុងប៉េកាំងនិងសៀងហៃជាដើម។ ទុរេនទាំងអស់នោះមានទម្ងន់សរុប ៤២៥តោន និងមានតម្លៃជាប្រាក់ចំនួន ៧៥លានបាត (២,១៨លានដុល្លារអាមេរិក)។

ប្រភពបានបន្តថា ទុរេនត្រូវបានគេដឹកជញ្ជូនតាមរយៈរថភ្លើងចេញពីខេត្ត Rayong  ប្រទេសថៃដោយត្រូវបើកកាត់ប្រទេសឡាវមុននឹងទៅដល់ប្រទេសចិន ហើយទុរេនទាំងអស់នោះត្រូវបានគេដាក់នៅក្នុងទូរថភ្លើងចំនួន ២៥ផ្សេងគ្នាផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃទី ១៤ ខែមេសាកន្លងទៅនេះថៃធ្លាប់បាននាំចេញទុរេនទៅកាន់ប្រទេសចិនម្តងហើយ​តែការដឹកជញ្ជូននោះត្រូវបានបរាជ័យ ដ្បិតអាជ្ញាធរចិនបានសម្រេចបិទច្រកព្រំដែនប្រទេសភ្លាមៗដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ សូមបញ្ជាក់ផងដែរថា មុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ចិនគឺជាទីផ្សារលក់ទុរេនដ៏ធំបំផុតរបស់ថៃ ពោលគឺទំនាក់ទំនងពាណិជ្ជកម្មមួយនេះអាចធ្វើឲ្យថៃទទួលបានប្រាក់ចំណូលរហូតដល់ ១,៦ពាន់លានដុល្លារអាមេរិកឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖  បាកងងប៉ុស្តិ៍

Share This Post: