ម៉ាឡេស៊ីសម្រេចលុបចោលវិធានការធ្វើតេស្តកូវីដចំពោះអ្នកដំណើរដែលចាក់វ៉ាក់សាំងរួចនិងកាតព្វកិច្ចពាក់ម៉ាស់នៅទីខាងក្រៅចាប់ពីដើមខែក្រោយនេះ
- BY
- Pheakdey
- April 28, 2022
ម៉ាឡេស៊ី៖ ចាប់ពីថ្ងៃទី ១ ខែឧសភានេះតទៅអាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់ប្រឆាំងនឹងការរាត្បាតនៃជំងឺកូវីដ-១៩ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃពុធ ទី២៧ ខែមេសាម្សិលមិញនេះ។ វិធានការដែលនឹងត្រូវលុបចោលនោះរួមមាន ឈប់តម្រូវឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ពេលធ្វើដំណើរមកកាន់ទឹកដីម៉ាឡេស៊ីនិងលុបចោលវិធានការតម្រូវឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេលធ្វើដំណើរចេញក្រៅផ្ទះជាដើម។

យ៉ាងណាក្តី បើយោងតាមលោក Khairy Jamaluddin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា អាជ្ញាធរបានសម្រេចលុបចោលវិធានការតម្រូវឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេញចេញពីផ្ទះមែន តែការពាក់ម៉ាស់ក្នុងលក្ខខណ្ឌបែបនេះនៅតែជាជម្រើសរបស់ប្រជាពលរដ្ឋ ពោលគឺពលរដ្ឋគ្រប់រូបអាចបន្តពាក់ម៉ាស់ទៀតបានប្រសិនបើពួកគេគិតថាចាំបាច់។ រដ្ឋមន្ត្រីរូបនេះបញ្ជាក់បន្ថែមទៀតថា ចំពោះកាតព្វកិច្ចពាក់ម៉ាស់នឹងត្រូវបន្តអនុវត្តនៅក្នុងទីកន្លែងឬអគារដែលបិទជិតមានដូចជានៅក្នុងផ្សារទំនើប នៅក្នុងរថយន្តក្រុងឬរថភ្លើងសាធារណៈជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






