មន្ត្រីការបរទេសអង់គ្លេសម្នាក់លើកឡើងថា សង្គ្រាមនៅអ៊ុយក្រែនអាចអូសបន្លាយរហូតដល់ ១០ឆ្នាំ
- BY
- Pheakdey
- April 28, 2022
អង់គ្លេស៖ មន្ត្រីការបរទេសអង់គ្លេសគឺលោកស្រី Liz Truss បានលើកឡើងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនអាចអូសបន្លាយរបស់ដល់ ១០ឆ្នាំ នេះបើយោងតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសអង់គ្លេសរូបនេះបានអញ្ជើញទៅធ្វើសន្ទរកថាផ្លូវការមួយស្តីពីឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចំពោះសហភាពអឺរ៉ុប កាលពីយប់ថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ។

លោកស្រី Liz Truss
លោកស្រី Liz Truss បានថ្លែងបន្តថា រុស្ស៊ីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនគឺមិនអាចទុកចិត្តបានដូចរុស្ស៊ីកាលពីជំនាន់នៅជាសភាពសូវៀតនោះទេ ហើយក្នុងករណីដែលរុស្ស៊ីអាចគ្រប់គ្រងដែនដីអ៊ុយក្រែនបានគឺរុស្ស៊ីនឹងបន្តឈា្លនពានចូលក្នុងប្រទេសម៉ុលដាវី ឬ ប្រទេសហ្សកហ្ស៊ីបន្ថែមទៀត ខណៈពិភពលោកក៏ត្រូវបន្តទទួលរងនូវផលប៉ះពាល់ផ្សេងៗទាំងផ្ទាល់និងប្រយោលពីសង្គ្រាមរយៈពេលវែងនេះផងដែរ។ នៅចុងបញ្ចប់នៃការធ្វើសន្ទរកថាសមាជិករដ្ឋាភិបាលអង់គ្លេសរូបនេះបានផ្តល់អនុសាសន៍ថា ទាំងអង់គ្លេសនិងប្រទេសជាសម្ព័ន្ធមិត្តត្រូវតែរួមគ្នារុញរុស្ស៊ីឲ្យចេញផុតពីអ៊ុយក្រែនឲ្យបានចាប់រហ័សនិងចេញឲ្យបានឆ្ងាយទើបជាជម្រើសដ៏ល្អសម្រាប់សង្គ្រោះពិភពលោកឲ្យមានសន្តិភាពពេញលេញឡើងវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail
- Share This Post:






