អន្តរជាតិ

លោក ចូ បៃឌិន បានស្នើសុំថវិកាចំនួន ៣៣ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ជួយអ៊ុយក្រែន

BY
Pheakdey
April 29, 2022

អាមេរិក៖ លោកប្រធានាធិតី ចូ បៃឌិន បានស្នើសុំសភាអាមេរិកនូវកញ្ចប់ទឹកប្រាក់ចំនួន ៣៣ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ជួយគាំទ្រប្រទេសអ៊ុយក្រែនក្នុងការប្រឆាំងជាមួយកងទ័ពរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសានេះ។ ភ្លាមៗក្រោយទទួលបានដំណឹងខាងលើនេះជាសាធារណៈ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងឆ្លើយតបវិញថា រដ្ឋាភិបាលអ៊ុយក្រែនចង់ឲ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាជំនួយនេះឲ្យបានឆាប់រហ័សដើម្បីឲ្យអ៊ុយក្រែនងាយរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយនឹងកងទ័ពរុស្ស៊ី ដ្បិតក្នុងអំឡុងពេលនេះរុស្ស៊ីកំពុងបង្កើនការវាយប្រហារនិងអនុវត្តផែនការយុទ្ធសាស្រ្តថ្មីៗជាច្រើនផងដែរ។

ប្រភពខាងលើបានបន្តថា កញ្ចប់ថវិកាទាំង ៣៣ពាន់លានដុល្លារនោះគឺជាផ្នែកមួយរបស់មូលនិធិអាមេរិកសម្រាប់ប្រឆាំងសង្គ្រាមរុស្ស៊ី ហើយប្រាក់ជំនួយនឹងត្រូវបែកចែកជាកញ្ចប់តូចមួយចំនួនទៀតរួមមាន ទឹកប្រាក់ចំនួន ២០ពាន់លានសម្រាប់អាវុធ គ្រាប់រំសេវ និងជំនួយយោធាផ្សេងៗ។ ទឹកប្រាក់ចំនួន ៨,៥ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ស្តារសេដ្ឋកិច្ចជាតិអ៊ុយក្រែនឡើងវិញដោយផ្ទាល់ កញ្ចប់ទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់ជាជំនួយមនុស្សធម៌ ខណៈប្រាក់ដែលនៅសល់គឺជាកញ្ចប់ទឹកប្រាក់បម្រុងសម្រាប់ជួយអ៊ុយក្រែនក្នុងលក្ខខណ្ឌជាក់ស្តែង ឬលាក់ខណ្ឌបន្ទាន់ណាមួយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: