រលកកម្តៅបានធ្វើឲ្យពលរដ្ឋរាប់លាននាក់នៅតំបន់អាស៊ីខាងត្បូងត្រូវប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈនៅតំបន់ខ្លះសីតុណ្ហភាពបានឡើងដល់ ៤៥អង្សាសេ
- BY
- Pheakdey
- April 29, 2022
របាយការណ៍មួយរបស់កាសែត បាងកកប៉ុស្តិ៍ បានបង្ហាញថា រលកកម្តៅបានធ្វើឲ្យពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់អាស៊ីខាងត្បូងកំពុងប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសាម្សិលមិញនេះ។ ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយរលកកម្តៅនៅដើមរដូវក្តៅនេះរួមមានប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថាន ខណៈរលកកម្តៅបានធ្វើឲ្យតំបន់ជាច្រើននៅក្នុងប្រទេសទាំងនេះត្រូវប្រឈមនឹងបញ្ហាខ្វះខាតថាមពលសម្រាប់ប្រើប្រាស់ ខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ និងបង្កឲ្យពលរដ្ឋមួយចំនួនត្រូវធ្លាក់ខ្លួនឈឺផងដែរ។

ប្រភពខាងលើបានបន្តថា សីតុណ្ហភាពនៅក្នុងទីក្រុង New Delhi របស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៤៥អង្សាសេ ចំនួន ៣ថ្ងៃមកហើយ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា សីតុណ្ហភាពអាចនឹងបន្តកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ។ គួររម្លឹកជូនថា គិតចាប់ពីឆ្នាំ ២០១០មករលកកម្តៅបានសម្លាប់ពលរដ្ឋឥណ្ឌាប្រមាណជា ៦,៥០០នាក់ហើយ ខណៈក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា គ្រោះធម្មតជាតិដែលឥណ្ឌាធ្លាប់បានជួបប្រទះនេះនឹងបន្តកើតមានក្នុងបណ្តាប្រទេសជាច្រើនបន្ថែមទៀតដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






