អន្តរជាតិ

កូវីដនៅសៀងហៃហាក់ធូរស្រាលបន្តិច ខណៈភាពតានតឹងបន្តកើនឡើងក្នុងក្រុងប៉េកាំង

BY
Pheakdey
May 2, 2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ​ ទី២​ ខែឧសភានេះបានឲ្យដឹងថា អាជ្ញាធរចិនបានបន្ធូរដៃបន្តិចចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងទីក្រុងសៀងហៃ តែអាជ្ញាធរត្រូវមកបន្ថែមសកម្មភាពនិងការងារជាច្រើនដើម្បីឆ្លើយតបនឹងរលកកូវីដ-១៩ នៅក្នុងរដ្ឋធានីប៉េកាំង។ បើតាមអាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា​ តួលេខអ្នកឆ្លងកូវីដ-១៩នៅក្នុងទីក្រុងសៀងហៃបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺធ្លាក់ពីខ្ទង់រាប់ពាន់នាក់មកសល់ត្រឹម ៥៨នាក់ប៉ុណ្ណោះសម្រាប់របាយការណ៍នៅក្នុងថ្ងៃចន្ទ ទី២ ឧសភានេះ។

យ៉ាងណាក្តី ភាពតានតឹងបានបន្តកើតមាននៅក្នុងទីក្រុងប៉េកាំងដោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើង ខណៈក្រុមបុគ្គលិកសុខាភិបាលកំពុងតែសម្រុកធ្វើតេស្តទ្រង់ទ្រាយធំចំពោះគ្រប់ពលរដ្ឋក្នុងទីក្រុងទាំងអស់ដែលមានចំនួនរហូតដល់ ២២លាននាក់។ ក្នុងអំឡុងពេលនេះ​ សកម្មភាពអាជីវកម្មមួយចំនួនក្នុងទីក្រុងប៉េកាំងត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយសេរីភាពក្នុងការធ្វើដំណើរនិងកំសាន្តរបស់ប្រជាពលរដ្ឋក៏ត្រូវកាត់បន្ថយផងដែរ។ សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះអាជ្ញាធរចិនបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបទូទាំងប្រទេសចំនួន ៧,៨២២នាក់ និងស្លាប់សរុបចំនួន ៣២នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: