អន្តរជាតិ

អង់គ្លេសនឹងផ្តល់ជំនួយផ្នែកយោធាមានតម្លៃ ៣៧៥លានដុល្លារទៅកាន់អ៊ុយក្រែនបន្ថែមទៀត

BY
Pheakdey
May 3, 2022

អង់គ្លេស៖ ប្រទេសអង់គ្លេសបានសន្យានឹងផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃ ៣០០លានផោន (៣៧៥លានដុល្លារ) ទៅកាន់កងទ័ពអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភានេះ។ ជំនួយថ្មីនេះនឹងរួមបញ្ជូលទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិក ប្រព័ន្ធរ៉ាដា និងអាវុធសំខាន់ៗមួយចំនួនទៀត ខណៈកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសធ្លាប់បានផ្តល់ចំនួយដែលមានទំហំទឹកប្រាក់ ២០០លានផោន (២៥០លានដុល្លារ) ទៅកាន់ប្រទេសអ៊ុយក្រែនរួចម្តងហើយ។

គួរកត់សម្គាល់ថា ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈដែលជាថ្ងៃរុស្ស៊ីផ្តើមធ្វើការឈ្លានពានអ៊ុយក្រែនមក អ៊ុយក្រែនទទួលបានជំនួយជាបន្តបន្ទាប់ពីបណ្តាប្រទេសធំៗជាច្រើន ហើយក្នុងនោះអាមេរិកគឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេ។ គិតត្រឹមពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារហើយ ហើយកាលពីសប្តាហ៍មុននេះលោកប្រធានាធិបតីអាមេរិកក៏បានស្នើសុំកញ្ចប់ថវិកាជំនួយពីសភាអាមេរិកក្នុងទំហំទឹកប្រាក់ជាង​ ២០ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែនបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: