អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនព្រមានពីការកើតមានវិបត្តិស្បៀងអាហារពិភពលោក ក្រោយរុស្ស៊ីបានទម្លាក់គ្រាប់បែកកម្ទេចឃ្លាំងដាក់គ្រាប់ធញ្ញជាតិ និងស្របពេលមានភាពតានតឹងនៅកំពង់ផែសមុទ្រខ្មៅ (មានវីដេអូ)

BY
Pheakdey
May 3, 2022

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានពីការកើតមានវិបត្តិស្បៀងអាហារពិភពលោក​ ក្រោយកងព័ទរុស្ស៊ីបានទម្លាក់គ្រាប់បែក កម្ទេចឃ្លាំងដាក់គ្រាប់ធញ្ញជាតិនៅភាគអាគ្នេយ៍អ៊ុយក្រែន និងស្របពេលដែលភាពតានតឹងចំពោះការបិទច្រកកំពង់ផែរបស់អ៊ុយក្រែននៅសមុទ្រខ្មៅកំពុងកើនឡើងខ្លាំង។ បើតាមលោក Martin Frick ដែលជានាយកផ្នែកស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិបានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានគ្រាប់ធញ្ញជាតិប្រហែលជា ៤,៥ លានតោនកំពុងជាប់គាំងនៅកំពង់ផែអ៊ុយក្រែន ហើយគេមិនអាចប្រើប្រាស់ឬចែកចាយស្បៀងអាហារទាំងនោះទៅកាន់ទីណាបាននោះទេ ដ្បិតវាកំពុងស្ថិតក្រោមការកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី៣ ខែឧសភានេះបានឲ្យដឹងផងដែរថា កងទ័ពរុស្ស៊ីក៏បានលួចយកត្រាក់ទ័ររបស់ក្រុមកសិករអ៊ុយក្រែនយ៉ាងច្រើនផងដែរ ដោយត្រាក់ទ័រទាំងអស់អាចមានតម្លៃរហូតដល់ ៤លានផោន។ ក្រោយបាត់បង់ត្រាក់ទ័រទាំងអស់នោះវាក៏បានធ្វើឲ្យខកខានដល់ការប្រមូលផលកសិកម្មមួយផ្នែកធំផងដែរ ពោលគឺបើគិតជាទឹកប្រាក់ផលដំណាំទាំងអស់អាចមានតម្លៃរហូតដល់ ២៤០,០០០ផោន។​

ព្រោះតែមានការរំខានដល់ចង្វាក់នៃការប្រមូលផលកសិកម្មនិងការចែកចាយផលិតផលកសិកកម្មទាំងនេះហើយ ទើបលោកប្រធានាធិបតិ Volodymyr Zelensky ចេញមកព្រមានពីការកើតមានវិបត្តិស្បៀងអាហារជាសកល ដ្បិតនាពេលកន្លងមកប្រទេសអេហ្ស៊ីបនិងទុយ​នីស៊ីធ្លាប់នាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននិងរុស្ស៊ីរហូតដល់ ៨០% សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសពួកគេ ខណៈនៅក្នុងប្រទេសលីបង់ឯណោះវិញគឺបាននាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននិងរុស្ស៊ីរហូត ៦០%ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: