អន្តរជាតិ

រលកកម្តៅបានឆក់យកជីវិតពលរដ្ឋឥណ្ឌា ២៥នាក់ ខណៈគ្រោះធម្មជាតិនេះនឹងជះឥទ្ធិពលអាក្រក់ដល់ពលរដ្ឋជាង ១ពាន់លាននាក់នៅអាស៊ីខាងត្បូង

BY
Pheakdey
May 4, 2022

ឥណ្ឌា៖ រលកកម្តៅបានឆក់យកជីវិតពលរដ្ឋនៅក្នុងប្រទេសឥណ្ឌាចំនួន ២៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភានេះ។ តួលេខអ្នកស្លាប់នេះត្រូវបានគេបូកសរុបចាប់តាំងពីចុងខែមីនាមក ខណៈទីកន្លែងកើតហេតុគឺស្ថិតនៅតាមតំបន់ដាច់ស្រយាលនៃរដ្ឋ Maharashtra ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា។ ចំនួនអ្នកស្លាប់នេះក៏ត្រូវបានគេកត់សម្គាល់ឃើញថា គឺជាតួលេខអ្នកស្លាប់ដោយរលកកម្តៅច្រើនបំផុតមិនធ្លាប់មានផងដែរ សម្រាប់ឥណ្ឌាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលតំបន់ខ្លះឡើងកម្តៅរហូតដល់លើ ៤០អង្សារឯណោះ។

បើតាមក្រុមអ្នកវិទ្យាសាស្រ្តបានព្យាករណ៍ថា សីតុណ្ហភាពនឹងបន្តកើនឡើងខ្លាំងនៅតំបន់អាស៊ីខាងត្បូង ហើយប្រទេសដែលរងឥទ្ធិពលខ្លាំងជាងគេនោះគឺប្រទេសឥណ្ឌានិងប៉ាគីស្ថាន ខណៈ រលកកម្តៅនឹងជះឥទ្ធិពលអាក្រក់ដោយផ្ទាល់និងប្រយោលចំពោះពលរដ្ឋរហូតដល់ ១ពាន់លាននាក់។ គួរបញ្ជាក់ជូនថា ជាច្រើនថ្ងៃកន្លងមកនេះសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងរហូតដល់ ៤៥អង្សាសេ ហើយបញ្ហានេះបានបង្កឲ្យមានបញ្ហាខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់និងធ្វើឲ្យពលរដ្ឋមួយចំនួនត្រូវធ្លាក់ខ្លួនឈឺតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

 

Share This Post: