ចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ដួលរលំអាគារនៅចិនកើនដល់ ៥៣នាក់ ខណៈអាជ្ញាធរសម្រេចឃាត់អ្នកពាក់ព័ន្ធចំនួន ៩នាក់
- BY
- Pheakdey
- May 6, 2022
ចិន៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ស្រុតអាគារនៅក្នុងប្រទេសចិនបានកើនឡើងរហូតដល់ ៥៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៦ ខែឧសភានេះ។ គួររម្លឹកជូនថា អាគារដែលបានបាក់នេះគឺជាអាគារពាណិជ្ជកម្មមួយកន្លែងនៅក្នុងទីក្រុង Changsha បានដួលរលំតាំងពីថ្ងៃសុក្រមុនម្លេះ ហើយគិតត្រឹមពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះមនុស្សចេញពីគំនរបាក់បែកត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ។

ក្រៅតែពីបានរកឃើញអ្នកស្លាប់ក្រុមអ្នកជួយសង្គ្រោះក៏អាចជួយសង្គ្រោះជីវិតជនរងគ្រោះបានចំនួន ១០នាក់ផងដែរ ខណៈជនរងគ្រោះទាំង ១០នាក់នេះសុទ្ធតែមានរបួសធ្ងន់ធ្ងរនិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នៅចំពោះមុខហេតុការណ៍អកុសលនេះអាជ្ញាធរចិនបានសម្រេចឃាត់ខ្លួនអ្នកទទួលខុសត្រូវសាងសងនិងគ្រប់គ្រងអាគារចំនួន ៩នាក់ ហើយពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំប្រសិនបើតុលាការរកឃើញថា ពួកគេពិតជាដើមហេតុដែលធ្វើឲ្យអាគារមួយនេះត្រូវដួលរលំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






