កាណាដាប្រកាសផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនបន្ថែមទៀត
- BY
- Pheakdey
- May 9, 2022
លោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា Justin Trudeau បានប្រកាសនឹងផ្តល់អាវុធនិងសម្ភារៈយោធាមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភានេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីកាដាណារូបនេះបានអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ ខណៈដំណើរទស្សនៈកិច្ចនេះមិនត្រូវបានគេប្រកាសឲ្យដឹងមុនជាសាធារណៈនោះទេ។

ប្រភពខាងលើបានបន្តថា ជំនួយផ្នែកយោធារបស់កាណាដានោះរួមមានអាវុធខ្នាតតូច យន្តហោះដ្រូន ប្រព័ន្ធចាប់រូបភាពពីផ្កាយរណប និងសម្ភារៈយោធាសំខាន់ៗមួយចំនួនទៀត។ នៅក្នុងដំណើរទស្សនៈកិច្ចនោះលោកនាយករដ្ឋមន្ត្រីកាណាដាក៏បានចូលជួបជាមួយនិងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផងដែរ ហើយនៅក្នុងជំនួបនោះ Justin Trudeau បានប្រកាសផងដែរថា កាណាដានឹងបន្តចូលរួមដាក់ទណ្ឌកម្មចំពោះរុស្ស៊ីបន្ថែមទៀត ដោយទណ្ឌកម្មទាំងនោះអាចមានទាំងទណ្ឌកម្មចំពោះរដ្ឋាភិបាលរុស្ស៊ីនិងទណ្ឌកម្មចំពោះបុគ្គលដោយផ្ទាល់មួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






