ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃចេញច្បាប់កំណត់ឲ្យកុមារអាយុក្រោម ៦ឆ្នាំត្រូវតែប្រើប្រាស់កៅអីសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមរថយន្តឯកជន

    BY Pheakdey May 9, 2022
    ថៃចេញច្បាប់កំណត់ឲ្យកុមារអាយុក្រោម ៦ឆ្នាំត្រូវតែប្រើប្រាស់កៅអីសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមរថយន្តឯកជន

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅថ្ងៃចន្ទ ទី៩ ខែឧសភានេះបានឲ្យដឹងថា ថៃនឹងអនុវត្តច្បា​ប់ចរាចរណ៍ថ្មីមួយដើម្បីធានាសុវត្ថិភាពចំពោះកុមារអាយុក្រោម ៦ឆ្នាំក្នុងពេលធ្វើដំណើរតាមរថយន្តឯកជន ខណៈច្បាប់ថ្មីនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ។ ច្បាប់ថ្មីដែលជាការធ្វើវិសោធនកម្មជាច្រើនចំណុចទៅលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាស់នេះត្រូវបានអនុម័តជាផ្លូវការដោយព្រះរាជ្យក្រឹត្យកាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ខណៈខ្លឹមសារនៃច្បាប់ថ្មីនេះមានលក្ខណៈរឹតបន្តឹងទាំងអ្នកបើកបរថយន្តនិងអ្នករួមដំណើរក្នុងរថយន្តជាច្រើនចំណុចរួមមាន៖

    ១៖អ្នកបើករថយន្តត្រូវតែពាក់ខ្សែក្រវាត់សុវត្ថិភាពគ្រប់ពេលវេលាក្នុងពេលបើកបរ។

    ២៖អ្នករួមដំណើរក្នុងរយថយន្តទាំងអស់ ទាំងអ្នកអង្គុយនៅខាងមុខនិងអង្គុយនៅខាងក្រោយត្រូវតែពាក់ខ្សែក្រវាត់សុវត្ថិភាពគ្រប់ពេលធ្វើដំណើរ។

    ៣៖អ្នកដំណើរដែលមានអាយុក្រោម ៦ឆ្នាំត្រូវតែប្រើប្រាស់កៅអីសុវត្ថិភាពសម្រាប់កុមារបន្ថែមលើកៅអីរថយន្តធម្មតាដើម្បីធានាសុវត្ថិភាពក្នុងករណីដែលរថយន្តត្រូវមានគ្រោះថ្នាក់ចៃដន្យណាមួយ។

    ៤៖អ្នកដំណើរដែលមានកម្ពស់ក្រោម ១,៣៥ ម៉ែត្រមានជម្រើសអាចពាក់ខ្សែក្រវាត់សុវត្ថិភាព ឬប្រើប្រាស់កៅអីសុវត្ថិភាពសម្រាប់កុមារដើម្បីធានាសុវត្ថិភាពក្នុងករណីដែលរថយន្តត្រូវមានគ្រោះថ្នាក់ចៃដន្យណាមួយ។

    ៥៖អ្នកដំណើរដែលមិនអាចប្រើប្រាស់ខែ្សក្រវាត់សុវត្ថិភាពបានព្រោះលក្ខខណ្ឌសុខភាព ឬលក្ខខណ្ឌចាំបាច់ណាមួយត្រូវបានលើកលែង តែពួកគេត្រូវតែប្រើប្រាស់ជម្រើសជំនួសណាមួយដើម្បីធានាសុវត្ថិភាពក្នុងករណីដែលរថយន្តត្រូវមានគ្រោះថ្នាក់ចៃដន្យណាមួយ។

    ៦​៖ជនណាដែលបានប្រព្រឹត្តិផ្ទុយពីច្បាប់ខាងលើនេះនឹងត្រូវរងនូវការពិន័យជាប្រាក់រហូតដល់ចំនួន ២,០០០បាត (៥៨ ដុល្លារ)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ National Thailand

     

     

     

     

    Share This Post: