អន្តរជាតិ

សុនខហិតមីនមួយក្បាលទទួលបានមេដាយកិត្តិយសពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky

BY
Pheakdey
May 11, 2022

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបំពាក់មេដាយកិត្តិយសឲ្យសុនខហិតមីនមួយក្បាល ដែលបានរួមចំណែកយ៉ាងសកម្មជាមួយកងកម្លាំងអ៊ុយក្រែនក្នុងប្រតិបត្តិការណ៍ប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យ​ដឹងថា សុនខមួយក្បាលនេះមានឈ្មោះថា Patron មានអាយុ ២ឆ្នាំកន្លះ មានស្នាដៃជួយបោសសម្អាតមីនបានរហូតដល់ជាង ២០០គ្រាប់រាប់ចាប់តាំងពីកងកម្លាំងរុស្ស៊ីផ្តើមឈ្លានពានអ៊ុយក្រែនមក។ Patron ក៏ត្រូវបានគេចាត់ទុកថា ជាវីរបុរសជាតិដែលជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីផងដែរ។

ប្រភពខាងលើបានបន្តថា ​កម្មវិធីបំពាក់មេដាយឲ្យ Patron ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងកៀវ ហើយពិធីនោះត្រូវបានរៀបចំក្នុងអំឡុងនៃកិច្ចសំណេះសំណាលរវាងលោកប្រធានាធិបតីអ៊ុយក្រែនជាមួយនិងលោកនាយករដ្ឋមន្ត្រីនៃប្រទេសកាដាណា Justin Trudeau។ នៅក្នុងឱកាសនោះលោក Volodymyr Zelensky បានថ្លែងថា Patron មានស្នាដៃល្អច្រើនណាស់ ព្រោះ Patron មិនត្រឹមតែបានជួយបោសសម្អាតមីននៅលើទឹកដីអ៊ុយក្រែនប៉ុណ្ណោះទេ តែសុនខដ៏ឆ្លាតវ័យនេះក៏បានជួយបង្រៀនក្មេងៗអំពីការអនុវត្តវិធានការសុវត្ថិភាពនៅក្នុងតំបន់ដែលមានមីនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: