នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកអះអាងថា លោក ពូទីន ត្រៀមខ្លួនរួចហើយសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែងនៅទឹកដីដុនបាស
- BY
- Pheakdey
- May 11, 2022
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានអះអាងថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែងនៅលើទឹកដីដុនបាស ដែលជាតំបន់រសើបបង្កឲ្យមានការប្រទាញប្រទង់គ្នារវាងអ៊ុយក្រែននិងរុស្ស៊ី។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភានេះបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកដែលបានធ្វើការអះអាងខាងលើនេះ គឺលោកស្រី Avril Haines ដែលបច្ចុប្បន្នមានតួនាទីជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក។

លោកស្រី Avril Haines
លោកស្រី Avril Haines ក៏បានលើកឡើងដែរថា រុស្ស៊ីនឹងមិនបញ្ចប់សង្គ្រាមងាយៗនោះទេ ដ្បិតរុស្ស៊ីមានបំណងចង់ក្រសោបយកតំបន់ដុនបាសធ្វើជាកម្មសិទ្ធផ្តាច់មុខរបស់ខ្លួនដើម្បីរុស្ស៊ីងាយសាងសង់ស្ពានមួយពីរុស្ស៊ីឆ្ពោះទៅកាន់ប្រទេសម៉ុលដារី ដែលជាដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់រស្ស៊ី។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រូបនេះបានបន្តទៀតថា លោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងធ្វើការផ្លាស់ប្តូរជាច្រើននៅក្នុងប្រទេសរុស្ស៊ី រួមទាំងការប្រកាសអនុវត្តច្បាប់អាជ្ញាសឹកទៀតផង ពោលគឺលោកនឹងធ្វើគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយការគាំទ្រពីសំណាក់ក្រុមប្រទេសលោកខាងលិចទៅលើប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






