អន្តរជាតិ

លោក Bongbong ប្រាប់ពិភពលោកឲ្យវាយតម្លៃគាត់តាមរយៈសកម្មភាពជាក់ស្តែង តែកុំផ្អែកលើប្រវត្តិគ្រួសាររបស់លោក

BY
Pheakdey
May 11, 2022

ហ្វីលីពីន៖ លោក Ferdinand Marcos Jr ដែលទើបជាប់ឆ្នោតធ្វើជាប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានប្រាប់ពិភពលោកឲ្យវាយតម្លៃរូបគាត់តាមរយៈសកម្មផ្ទាល់របស់គាត់ក្នុងនាមប្រធានាធិបតី ​តែកុំវាយតម្លៃតាមរយៈប្រវត្តិគ្រួសាររបស់គាត់កាលពីអតីតកាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភានេះ។ ប្រធានាធិបតីដែលភាគច្រើនគេតែងហៅថា “Bongbong” រូបនេះបានអះអាងទៀតថា រូបលោកនឹងធ្វើការងារគ្រប់បែងយ៉ាងដើម្បីបម្រើប្រយោជន៍ឲ្យប្រជាពលរដ្ឋហ្វីលីពីនគ្រប់រូបដោយគ្មានការើសអើង តែមិនមែនធ្វើការសម្រាប់តែប្រយោជន៍គ្រួសារលោកនិងក្រុមបក្សពួករបស់លោកនោះទេ។

គួររម្លឹកជូនថា លោក Ferdinand Marcos Jr បច្ចុប្បន្នអាយុ ៦៤ឆ្នាំគឺជាកូនប្រុសអតីតមេដឹកនាំផ្តាច់ការម្នាក់គឺលោក  Ferdinand Marcos Senior ដែលធ្លាប់គ្រប់គ្រងហ្វីលីពីអស់រយៈពេលច្រើនឆ្នាំកាលពីអំឡុងឆ្នាំ ១៩៦៥ រហូតដល់ឆ្នាំ ១៩៨៦។ ក្នុងរបបដឹកនាំផ្តាច់ការរបស់លោក Ferdinand Marcos Senior មាន​អ្នកនយោបាយនិងសកម្មជនហ្វីលីពីនរាប់ម៉ឺននាក់ត្រូវគេចាប់ដាក់ឃុំ ធ្វើទារុណកម្ម និងសម្លាប់ចោលក្រៅប្រព័ន្ធច្បាប់​ ហើយតាមការតាមការប៉ាន់ស្មានគឺក្រុមគ្រួសារនិងបក្សពួក​របស់លោក Ferdinand Marcos Senior បាន​កិបកេង​លួចប្លន់យកប្រាក់រដ្ឋប្រមាណ ១ម៉ឺនលានដុល្លារឯណោះ។ យ៉ាងណាក្តី លោក “Bongbong”  នៅតែមានប្រជាប្រិយភាពក្នុងចំណោមពលរដ្ឋហ្វីលីពីនជាពិសេសគឺក្រុមយុវជន ហើយក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះរូបលោកបានបំបែកកំណត់ត្រាទទួលបានសំឡេងគាំទ្រច្រើនលើសលប់ទៀតផងទល់នឹងគូប្រជែង នេះបើគិតចំពោះការបោះឆ្នោតជាតិនៅហ្វីលីពីនជាច្រើនអាណត្តិចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: