លោកគីម ជុងអ៊ុនចេញបញ្ជាឲ្យបិទខ្ទប់កូរ៉េខាងជើងទាំងមូលក្រោយរកឃើញករណីឆ្លងកូវីដ-១៩ជាលើកដំបូង
- BY
- Pheakdey
- May 12, 2022
កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះបានបញ្ជាក់ថា លោកគីម ជុងអ៊ុនបានចេញបញ្ជាឲ្យធ្វើការបិទខ្ទប់ទូទាំងប្រទេសកូរ៉េខាងជើងហើយ ក្រោយទីក្រុងព្យុងយ៉ាងបានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាលើកដំបូង។ គួររម្លឹកជូនថា កាលពីថ្ងៃពុធ ទី១១ ម្សិលមិញនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូង ដោយមេរោគបង្កការចម្លងនោះគឺជាមេរោគអូមីក្រុង ប្រភេទ BA.2។

នៅចំពោះមុខការរកឃើញករណីរាតត្បាតកូវីដ-១៩ជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំមកនេះ លោកគីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងកំពុងប្រឈមនឹងវិបត្តិសង្គមធំមួយ ដែលទាមទារឲ្យរូបលោកត្រូវតែដាក់ចេញនូវវិធានការបន្ទាន់មួយដើម្បីទប់ស្កាត់កុំឲ្យវិបត្តិនោះក្លាយជាវិបត្តិរ៉ាំរ៉ៃក្នុងសង្គមកូរ៉េខាងជើង។ យ៉ាងណាក្តី មេដឹកនាំផ្តាច់ការរូបនេះមិនបានបញ្ជាក់ទេថា ការរាតត្បាតជំងឺកូវីដ-១៩ក្នុងក្រុងព្យុងយ៉ាងនោះមានប្រភពមកពីអ្នកណានិងបានចម្លងទៅកាន់អ្នកណាខ្លះហើយបើគិតមកទល់នឹងពេលនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






