អន្តរជាតិ

សិង្ហបុរីរកឃើញអ្នកឆ្លងអូមីក្រុង BA.4 និង BA.5 ក្នុងសហគមន៍ជាលើកដំបូង

BY
Pheakdey
May 16, 2022

សិង្ហបុរី៖ កាលពីថ្ងៃអាទិត្យទី ១៥ ខែឧសភា ម្សិលមិញនេះ ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ អូមីក្រុងបំប្លែងខ្លួនថ្មីចំនួន ៣ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងទាំង ៣នោះគឺត្រូវបានរកឃើញក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ ខណៈមេរោគបំប្លែងខ្លួនថ្មីទាំងនោះគឺមានមេរោគអូមីក្រុង BA.4 ចំនួន ២ ករណី និងមេរោគអូមីក្រុង BA.5 ចំនួន ១ករណីផងដែរ។

គួររម្លឹកជូនថា មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីទាំង ២ខាងលើនេះគឺជាប្រភេទមេរោគដែលអង្គការសុខភាពពិភពលោកធ្លាប់បានទាញសញ្ញាព្រមានពីកម្រិតហានិភ័យខ្ពស់កាលពីពេលថ្មីៗនេះ ដ្បិតពួកគេវាអាចបង្កការចម្លងបានលឿននិងអាចចូលទៅវាយប្រហារសួតរបស់អ្នកជំងឺបានទៀតផង។ បើតាមរបាយការណ៍ចុងក្រោយមួយរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា គិតត្រឹមពេលនេះមេរោគអូមីក្រុង BA.4 និងមេរោគអូមីក្រុង BA.5 បានបង្កការចម្លងទៅកាន់ក្រុមមនុស្សប្រមាណជា ១,០០០នាក់ហើយ ខណៈក្រុមអ្នកជំងឺទាំងនោះគឺស្ថិតនៅក្នុងប្រទេសចំនួន ១៦ផ្សេងគ្នានៅទូទាំងពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: