អន្តរជាតិ

កូរ៉េខាងជើងអះអាងថាទទួលបាន “លទ្ធផលល្អប្រសើរ” ក្នុងការប្រយុទ្ធនឹងកូវីដ-១៩ ខណៈតួលេខអ្នកមានអាការៈក្តៅខ្លួនកើនដល់ជាង ២លាននាក់

BY
Pheakdey
May 20, 2022

កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃសុក្រ ទី២០​ ខែឧសភានេះបានរាយការណ៍ថា ប្រទេសខ្លួនទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ បើទោះជាការរាតត្បាតនេះគឺជាការរាតត្បាតលើកដំបូងសម្រាប់កូរ៉េខាងជើងក៏ដោយ។ អាជ្ញាធរកូរ៉េខាងជើងបានឲ្យដឹងទៀតថា សម្រាប់របាយការណ៍នៅក្នុងថ្ងៃសុក្រនេះគឺគេបានរកឃើញពលរដ្ឋដែលមានអាការៈក្តៅខ្លួននិងមានរោគសញ្ញាដូចអ្នកឆ្លងកូវីដ-១៩ ចំនួន ២៦៣,៣៧០នាក់ និងអ្នកស្លាប់ចំនួន ២នាក់បន្ថែមទៀតផងដែរ។

 សូមបញ្ជាក់ថា សម្រាប់អ្នកដែលមានអាការៈក្តៅខ្លួននិងមានរោគសញ្ញានៃជំងឺកូវីដ-១៩ ទាំងអស់នោះគឺមិនត្រូវបានអាជ្ញាធរសុខាភិបាលកូរ៉េខាងជើងធ្វើតេស្តរកជំងឺកូវីដ-១៩នោះទេ ពោលគឺអាជ្ញាធរកូរ៉េខាងជើងគ្រាន់តែបញ្ជាក់ថាពួកគេគឺជាអ្នកជំងឺនិងផ្តល់ថ្នាំព្យាបាលតាមអាការៈជាក់ស្តែងរបស់ពួកគេតែម្តង។ គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះតួលេខអ្នកមានអាការៈក្តៅខ្លួននិងមានអាការៈដូចអ្នកជំងឺកូវីដ-១៩ នៅកូរ៉េខាងជើងបានកើនដល់ ២,២៤លាននាក់ និងស្លាប់សរុបកើនដល់ ៦៥នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: