អន្តរជាតិ

Thai AirAsia X ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី៣របស់ថៃដែលប្រកាសក្ស័យធន ព្រោះវិបត្តិនៃជំងឺកូវីដ-១៩

BY
Pheakdey
May 20, 2022

ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia X បានសម្រេចប្រកាសក្ស័យធនជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសុក្រ  ទី២០ ខែ​ឧសភានេះ។ គួរបញ្ជាក់ថា Thai AirAsia X គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលធ្លាប់មានសក្តានុពលបំផុតមួយរបស់ថៃ ដោយក្រុមហ៊ុនមួយនេះគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ AirAsia។ នាពេលកន្លងមកជើងហោះរបស់ Thai AirAsia X ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកដំណើរកម្រិតមធ្យម ដ្បិតសំបុត្រយន្តហោះរបស់ក្រុមហ៊ុនមួយនេះមានតម្លៃទាបជាងក្រុមហ៊ុនធំៗមួយចំនួនទៀត។

AirAsia X Launches Kuala Lumpur - Singapore, Shares Profit with AirAsia - KN Aviation

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺតុលាការថៃបានទទួលយកឯកសារប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Thai AirAsia X ជាផ្លូវការហើយ​ បន្ទាប់ពីគេបានពិនិត្យឃើញថាសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានផ្អាកអស់រយៈពេលជាង ២ឆ្នាំមកនេះព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ ហើយការផ្អាកអាជីវកម្មនេះបានធ្វើឲ្យក្រុមហ៊ុនត្រូវខាតបង់អស់ប្រាក់យ៉ាងច្រើនផងដែរ។ សូមបញ្ជាក់ថា Thai AirAsia X គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ថៃទី ៣ហើយដែលបានប្រកាសក្ស័យធន ខណៈនាពេលកន្លងមកគឺមានក្រុមហ៊ុនអាកាសចរណ៍ Thai Airways និងក្រុមហ៊ុនអាកាសចរណ៍ Nok Air បានប្រកាសក្ស័យធនរួចហើយក្រោមហេតុផលដូចគ្នានេះគឺបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលជំរុញឲ្យមានការបិទខ្ទប់ប្រទេសនិងផ្អាកជើងហោះហើរអស់រយៈពេលយ៉ាងយូរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

 

Share This Post: