កូរ៉េខាងជើងរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនជាង ២សែននាក់ក្នុងរយៈពេល ៥ថ្ងៃជាប់ៗគ្នា ខណៈតួលេខអ្នកជំងឺសរុបកើនជិតដល់ ២,៥លាននាក់
- BY
- Pheakdey
- May 21, 2022
កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនចំនួន ២១៩,០៣០នាក់បន្ថែមទៀត សម្រាប់របាយករណ៍ដែលបានបិទបញ្ចប់ត្រឹមល្ងាចថ្ងៃសុក្រ ទី២០ ខែឧសភាម្សិលមិញនេះ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ចំពោះពលរដ្ឋខ្លួនឲ្យបានច្បាស់លាស់នោះទេ ពោលគឺអាជ្ញាធរគ្រាន់តែបញ្ជាក់ថា អ្នកជំងឺទាំងអស់នោះមានអាការៈក្តៅខ្លួន ដែលជាក់ស្តែងអាការៈទាំងអស់នោះគឺដូចគ្នាជាមួយនិងអ្នកជំងឺកូវីដ-១៩ អីចឹងដែរ។

ប្រភពខាងលើបានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃសៅរ៍នេះគឺកូរ៉េខាងជើងបានរកឃើញមានអ្នករោគសញ្ញាក្តៅខ្លួនក្នុងខ្ទង់ជាង ២០០,០០០នាក់ក្នុងមួយថ្ងៃក្នុងរយៈ ៥ថ្ងៃជាប់ៗគ្នាមកហើយ ខណៈតួលេខអ្នកមានអាការៈក្តៅខ្លួនសរុបបានកើនដល់ ២,៤៦០,៦៤០នាក់ផងដែរ។ ដោយឡែកសម្រាប់តួលេខអ្នកស្លាប់វិញគឺបានកើនឡើងដល់ ៦៦នាក់ហើយ ក្នុងចំណោមពលរដ្ឋកូរ៉េខាងជើងសរុបជាង ២៥លាននាក់។ គួររម្លឹកជូនផងដែរថា កាលពីពេលថ្មីៗនេះអាជ្ញាធរកូរ៉េខាងជើងធ្លាប់បានប្រកាសថា ទទួលបានលទ្ធផលល្អប្រសើរក្នុងការយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ បើទោះគ្មានពលរដ្ឋណាម្នាក់បានចាក់វ៉ាក់សាំងបង្ការក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






