អន្តរជាតិ

អង់គ្លេសរកឃើញករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងសហគមន៍ជាលើកដំបូង

BY
Pheakdey
May 23, 2022

អង់គ្លេស៖ ប្រទេសអង់គ្លេសបានរកឃើញករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងសហគមន៍ជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភាម្សិលមិញនេះ។ បើតាមទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបានឲ្យដឹងថាគិតត្រឹមថ្ងៃសុក្រសប្តាហ៍មុននេះអង់គ្លេសបានរកឃើញករណីអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ២០នាក់ហើយក្នុងនោះក៏មានករណីធ្ងន់ធ្ងរចំនួនម្នាក់ផងដែរ ខណៈខាងអាជ្ញាធរសុខាភិបាលនឹងធ្វើបច្ចុប្បន្នភាពតួលេខអ្នកឆ្លងនៅល្ងាចថ្ងៃចន្ទនេះជាថ្មីម្តងទៀត។

បើតាមលោក Susan Hopkins ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រនៃទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបានបញ្ជាក់ថា គិតត្រឹមពលនេះជំងឺអុតស្វា Monkeypox ​នៅមិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងចំណោមពលរដ្ឋទូទៅនៅឡើយទេ ដ្បិតករណីឆ្លងនៅលើទឹកដីអង់គ្លេសនោះគឺត្រូវបានរកឃើញនៅតាមតំបន់ដាច់ស្រយាលនិងរកឃើញក្នុងចំណោមពលរដ្ឋជាក្រុមមនុស្សភេទទី៣ ឬក្រុមបុរសស្រលាញ់បុរស។ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររូបនេះបន្ថែមទៀតថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺជាដើម។ ចំពោះអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលដូចជំងឺអុតស្វាទូទៅនៅលើដៃនិងមុខជាដើម៕

Rare monkeypox outbreaks detected in North America, Europe - The Hindu

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

 

 

Share This Post: