អន្តរជាតិ

លោក ចូ បៃឌិន បញ្ជាក់ថា ជំងឺអុតស្វា Monkeypox គឺជាករណីដែលពិភពលោកទាំងមូលត្រូវព្រួយបារម្ភ

BY
Pheakdey
May 23, 2022

កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានថ្លែងជាសាធារណៈថា ជំងឺអុតស្វា Monkeypox គឺជាករណីមួយដែលពិភពលោកទាំងមូលត្រូវយកចិត្តទុកដាក់និងមានការព្រួយបារម្ភអំពីវា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីថ្លែងដូចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ  ទី២២ ខែឧសភាម្សិលមិញនេះក្នុងអំឡុងពេលដែលលោក ចូ បៃឌិន បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាសអាមេរិក Osan Air Base ក្នុងប្រទេសកូរ៉េខាងត្បូងមុនពេលរូបលោកត្រូវបន្តដំណើរទៅកាន់ប្រទេសជប៉ុន។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនៅពេលនេះគឺជាដំណើរទស្សនកិច្ចនៅតំបន់អាស៊ីលើកទី ១ ក្នុងអាណត្តិរបស់លោក ចូ បៃឌិន ហើយវាក៏ជាលើកទី ១ដូចគ្នាដែរ ដែលលោកបានទាញសញ្ញាព្រមានអំពីជំងឺឆ្លងថ្មីមួយនេះ។

លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបញ្ជាក់ថា គិតត្រឹមពេលនេះលោកនៅមិនទាន់ទទួលបានរបាយការណ៍ដែលបញ្ជាក់ថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងបានកម្រិតណា និងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរកម្រិតណានៅឡើយទេ តែបើជំងឺថ្មីនេះនៅតែបន្តការរាតត្បាតជាច្រើនករណីបន្ថែមទៀតគឺពិតណាស់ថា វានឹងបង្កឲ្យមានផលវិបាកមួយបន្ថែមទៀតចំពោះពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាជាច្រើនរួចទៅហើយដូចជាបញ្ហាសាំងឡើងថ្លៃ និងផលប៉ះពាល់ផ្សេងៗនៃជំងឺកូវីដ-១៩ជាដើម។ គួរបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox ជាជំងឺដែលមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូង បច្ចុប្បន្នកំពុងបន្តរាតត្បាតនៅតំបន់អឺរ៉ុប អាមេរិក និងអូស្រ្តាលីផងដែរ។ ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលដូចជំងឺអុតស្វាយទូទៅនៅលើដៃនិងមុខជាដើម៕

Biden says monkeypox cases something to 'be concerned about' | The Peninsula Qatar

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: