ជប៉ុនសម្រេចបើកប្រទេសទទួលអ្នកដំណើរអន្តរជាតិឡើងវិញក្រោយបិទខ្ទប់អស់ជាង ២ឆ្នាំ
- BY
- Pheakdey
- May 28, 2022
ជប៉ុន៖ ជប៉ុនសម្រេចបើកច្រកទ្វារព្រំដែនប្រទេសទទួលអ្នកដំណើរអន្តរជាតិឡើងវិញហើយ ក្រោយមានការបិទខ្ទប់អស់រយៈពេលជាង ២ឆ្នាំព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃសោរ៍ ទី២៨ ខែឧសភានេះបានបញ្ជាក់ថា ការសម្រេចបើកប្រទេសឡើងវិញនោះនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី ១០ ខែមិថុនាតទៅ ខណៈប្រទេសនិងដែនដីដែលជប៉ុននឹងទទួលស្វាគមន៍ក្នុងពេលបើកប្រទេសជាលើកដំបូងនេះមានចំនួន ៩៨ ប៉ុណ្ណោះ ពោលគឺជប៉ុននៅមិនទាន់បើកប្រទេសឲ្យទូលំទូលាយជាធម្មតានៅឡើយទេ។

ប្រភពខាងលើបានបន្តថា ក្នុងចំណោមប្រទេសនិងដែនដីទាំង ៩៨នោះក៏ត្រូវបានអាជ្ញាធរជប៉ុនបែងចែកជា ៣ប្រភេទផងដែរ មានដូចជាតំបន់ក្រហម លឿង និងខៀវ ដែលមានន័យថា ប្រទេសមានហានិភ័យខ្ពស់ មធ្យម និងទាប។ យ៉ាងណាក្តី គ្រប់អ្នកដំណើរទាំងអស់មិនថាមកពីតំបន់ណាមួយនោះទេនឹងមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើយ តែត្រូវអនុវត្តវិធានការមួយចំនួនតាមកម្រិតផ្សេងៗគ្នា។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះជប៉ុនមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃជាមធ្យមខ្ទង់ជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈជប៉ុនមានតួលេខអ្នកចាក់វ៉ាក់សាំងបង្ការរួចរាល់ចំនួន ២ដូសចំនួន ៨១% និង ៥៨%បានចាក់រហូតដល់ដូសជម្រុញ ក្នុងចំណោមពលរដ្ឋសរុបជាង ១២៥លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






