អន្តរជាតិ

ថៃរកឃើញមនុស្ស ១២នាក់សង្ស័យថា បានឆ្លងអុតស្វា Monkeypox ខណៈពួកគេកំពុងត្រូវបានតាមដានសុខភាពក្នុងរយៈពេល ២១ថ្ងៃ

BY
Pheakdey
May 31, 2022

ថៃ៖ អាជ្ញាធរថៃកំពុងតាមដានសុខភាពពលរដ្ឋចំនួន ១២នាក់ ក្រោយសង្ស័យថាពួកគេបានឆ្លងជំងឺអុតស្វា Monkeypox  នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភានេះ។ ពលរដ្ឋទាំង ១២នាក់នោះគឺជាក្រុមអ្នកដំណើរនិងអ្នកបម្រើការងារនៅលើយន្តហោះ ដែលមានការពាក់ព័ន្ធជាមួយនិងអ្នកជំងឺចំនួន ២នាក់ដោយផ្ទាល់។​ គួរបញ្ជាក់ជូនថា អ្នកជំងឺអុតស្វា Monkeypox  ទាំង ២នាក់នោះគឹជាអ្នកដំណើរដែលត្រូវមកប្តូរជើងយន្តហោះក្នុងប្រទេសថៃមុនបន្តដំណើរទៅកាន់ប្រទេសអូស្រ្តាលី ហើយអ្នកជំងឺនិងអ្នកដែលកំពុងស្ថិតក្នុងការសង្ស័យនោះមានការប្រាស្រ័យទាក់ទងគ្នាក្នុងរយៈពេលប្រមាណជា ២ម៉ោង។

បើតាមលោកវេជ្ជបណ្ឌិត Chakrarat Pittayawonganon ដែលប្រធានផ្នែកគ្រប់គ្រងជំងឺរាតត្បាតរបស់អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ពលរដ្ឋទាំង ១២នាក់ដែលកំពុងស្ថិតក្នុងការសង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox  នឹងត្រូវដាក់ក្រោយការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់បំផុងពីសំណាក់ក្រុមគ្រូពេទ្យក្នុងរយៈពេលរហូតដល់ ២១ថ្ងៃ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃអាទិត្យ ទី២៩ ខែឧសភានេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៤០៦នាក់ និងមានមនុស្ស ៨៨នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្ស័យថាបានឆ្លង ខណៈករណីឆ្លងទាំងអស់នោះគឺត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៣២ផ្សេងគ្នានៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

 

Share This Post: