អន្តរជាតិ

អង់គ្លេសរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ៧១ករណីបន្ថែមទៀត ខណៈតួលេខអ្នកឆ្លងសរុបកើនដល់ ១៧២នាក់

BY
Pheakdey
May 31, 2022

អង់គ្លេស៖ ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបានប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៧១ករណីបន្ថែមទៀតបើគិតត្រឹមចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភានេះ។ គិតជាសរុបរួមត្រឹមពេលនេះនៅចក្រភពអង់គ្លេសទាំងមូលបានរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox  ចំនួន ១៧២នាក់ ខណៈអ្នកជំងឺទាំងអស់នោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីពលរដ្ឋទូទៅរហូតដល់ ២១ថ្ងៃឯណោះ។

ក្រោយរកឃើញករណីឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសបានអំពាវនាវឲ្យពលរដ្ឋត្រូវចេះការពារខ្លួនពីជំងឺអុតស្វា Monkeypox ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំនាពេលកន្លង ជាពិសេសនោះគឺត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងអំឡុងពេលរួមភេទ ដូចជាគួរតមរួមភេទក្នុងអំឡុងពេលមានរោគសញ្ញានៃជំងឺអុតស្វា Monkeypox ហើយបើមិនអាចតមបាននោះទេត្រូវតែប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូក្នុងរយៈពេលរហូតដល់ ៨សប្តាហ៍ក្រោយសង្ស័យថាបានឆ្លងជំងឺ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៤០៦នាក់ក្នុងប្រទេសចំនួន ៣២ផ្សេងគ្នា ខណៈអង់គ្លេសជាប្រទេសដែលមានតួលេខអ្នកឆ្លងច្រើនជាងបង្អស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: