រដ្ឋាភិបាលឥណ្ឌាប្រកាសផ្តល់អាហារូបករណ៍និងការធានារ៉ាប់រងសុខភាពចំពោះគ្រប់កុមារដែលបានក្លាយជាក្មេងកំព្រាព្រោះវិបត្តិនៃជំងឺកូវីដ-១៩
- BY
- Pheakdey
- May 31, 2022
ឥណ្ឌា៖ រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌាប្រកាសកាលពីថ្ងៃចន្ទ ទី៣០ ខែឧសភាម្សិលមិញនេះថា នឹងផ្តល់អាហារូបករណ៍ផ្នែកអប់រំ សេវាប្រឹក្សាសុខភាពផ្លូវចិត្ត និងការធានារ៉ាប់រងសុខភាពចំពោះគ្រប់កុមាររូបណាដែលបានក្លាយជាក្មេងកំព្រាដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters។ បើតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ថា ក្រុមកុមារកំព្រាដែលស្ថិតក្នុងលក្ខខណ្ឌអាចទទួលបានជំនួយខាងលើនេះគឺសំដៅលើក្រុមកុមារដែលមានម្តាយនិងឪពុក ឬអាណាព្យាបាលស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នពួកគេកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកមួយ។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi
ប្រភពខាងលើបានបន្តថា គិតត្រឹមពេលគេនៅមិនទាន់ដឹងច្បាស់ថាចំនួនកុមារកំព្រាព្រោះជំងឺកូវីដ-១៩នៅទូទាំងប្រទេសឥណ្ឌាមានចំនួនប៉ុន្មាននាក់នោះទេ តែគេអាចដឹងត្រឹមថា មានពលរដ្ឋឥណ្ឌាជាង ៥២៤,០០០នាក់បានស្លាប់ព្រោះតែជំងឺកូវីដ-១៩ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺរហូតមកទល់នឹងពេលនេះ។ បើតាមគម្រោងរបស់អាជ្ញាធរឥណ្ឌាគឺការផ្តល់ជំនួយដល់ក្រុមកុមារកំព្រាព្រោះជំងឺកូវីដ-១៩នេះនឹងបន្តផ្តល់ជូនរហូតដល់ពួកគេមានអាយុ ២៣ឆ្នាំ ហើយបើគិតជាមធ្យមគេអាចនឹងចំណាយប្រាក់ចំនួន ១លានរ៉ូពី (១២,៨៩៩ដុល្លារអាមេរិក) សម្រាប់កុមារម្នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters
- Share This Post:






