អន្តរជាតិ

ស្ត្រីម្នាក់ប្រថុយគ្រោះថ្នាក់ដើរកាត់ព្រៃ ហែលឆ្លងទន្លេពីប្រទេសបង់ក្លាដែសទៅឥណ្ឌា ដើម្បីបានរៀបការមួយបុរសម្នាក់ដែលទើបស្គាល់គ្នាតាម Facebook

BY
Pheakdey
June 2, 2022

ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Today កាលពីថ្ងៃពុធ ទី១ ខែមិថុនាកន្លងទៅនេះបានឲ្យដឹងថា មានស្ត្រីម្នាក់បានប្រថុយគ្រោះថ្នាក់ដើរកាត់ព្រៃនិងហែលឆ្លងទឹកទន្លេពីប្រទេសបង់ក្លាដែសទៅកាន់ប្រទេសឥណ្ឌាដើម្បីបានរៀបការមួយបុរសម្នាក់ដែលបានស្គាល់គ្នាតាមរយៈ Facebook។ ស្រ្តីក្លាហានរូបនេះមានឈ្មោះថា Krishna Mandal អាយុ ២២ឆ្នាំ ជាពលរដ្ឋនៃប្រទេសបង់ក្លាដែស ហើយបុរសជាគូស្នេហ៍របស់គាត់នោះមានឈ្មោះថា Abhik Mandal ជាពលរដ្ឋនៃប្រទេសឥណ្ឌា ខណៈប្រទេសទាំង ២នេះមានព្រំប្រទល់មួយផ្នែកជាប់គ្នាហើយតំបន់ព្រំដែនដែលជាកន្លែងកើតហេតុខាងលើនេះត្រូវបានខណ្ឌដោយទន្លេមួយឈ្មោះ Baleswar ។

Woman swims to India from Bangladesh to marry lover

ប្រភពខាងលើបានបន្តថា ព្រោះតែគ្មានលិខិតឆ្លងដែនស្របច្បាប់និងមានចិត្តចង់រៀបការជាមួយគូស្នេហ៍ឲ្យបានលឿនតាមទំហំនៃក្តីស្រលាញ់នោះ អ្នកនាង Krishna Mandal បានសម្រេចដើរកាត់តំបន់ព្រៃ Sundarbans តែម្នាក់ឯង ហើយបន្ទាប់មកត្រូវចំណាយពេលហែលទឹកឆ្លងទន្លេប្រហែលជា ១ម៉ោងទៀតទើបអាចចូលដល់ទឹកដីនៃប្រទេសឥណ្ឌាបាន។ ការលះបង់របស់ស្រ្តីរូបនេះមិនបានធ្វើឲ្យគាត់ខកបំណងក្នុងរឿងស្នេហ៍ឡើយដោយរូបគាត់បានរៀបការភ្លាមៗសមតាមបំណងរបស់គាត់ តែអ្វីដែលជារឿងអកុលសនោះគឺក្រោយពីរៀបការបាន ៣ថ្ងៃ អ្នកនាង Krishna Mandal ត្រូវបានប៉ូលិសឥណ្ឌាធ្វើការឃាត់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់ ហើយពេលនេះអាជ្ញាធរឥណ្ឌាកំពុងរៀបចំបញ្ជូនខ្លួនគាត់ត្រលប់មកកាន់ប្រទេសបង់ក្លាដែសវិញផងដែរ៕

Woman swims from Bangladesh to India to marry boyfriend

អត្ថបទ៖ ភក្តី

ប្រភព៖  India Today

Share This Post: