អន្តរជាតិ

កូរ៉េខាងត្បូងសម្រេចលុបចោលវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងកូវីដ

BY
Pheakdey
June 3, 2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចលុបចោលវិធានការតម្រូវឲ្យអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៣ ខែឧសភានេះ។ សេចក្តីសម្រេចខាងលើនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ៨ ខែមិថុនានេះតទៅ ខណៈនាពេលកន្លងមកអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងធ្លាប់បានតម្រូវឲ្យអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃក្រោយពេលបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងភ្លាម។

យ៉ាងណាក្តីបើតាមលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo បានបញ្ជាក់ថា  បើទោះជាមានការលុបចោលវិធានការធ្វើចត្តាឡីស័កក៏ដោយតែអាជ្ញាធរកូរ៉េខាងត្បូងនឹងនៅបន្តអនុវត្តវិធានការមួយចំនួន ដូចជាតម្រូវឲ្យអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) មុនពេលចេញដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូងនិងក្រោយពេលមកដល់ទឹកដីកូរ៉េខាងត្បូងហើយត្រូវបន្តធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) ម្តងទៀតក្នុងរយៈពេល ៧២ម៉ោង។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យអ្នកដំណើរអន្តរជាតិមកពីគ្រប់បណ្តាប្រទេសនាំគ្នាធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូងឲ្យបានច្រើនដូចធម្មតា ខណៈដែលពេលនេះស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅទូទាំងប្រទេសកូរ៉េខាងត្បូងហាក់មានភាពធូរស្រាលច្រើនខ្លាំងណាស់៕

South Korea to lift quarantine requirement for non-vaccinated foreign arrivals - TODAY

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: