អន្តរជាតិ

ស្រ្តីហ្វាំងឡង់ជាច្រើននាក់បានគ្នាចូលហ្វឹកហាត់ជំនាញមូលដ្ឋានការពារជាតិ ព្រោះភ័យខ្លាចរុស្ស៊ីចូលឈ្លានពានប្រទេសខ្លួននៅថ្ងៃណាមួយ

BY
Pheakdey
June 7, 2022

ហ្វាំងឡង់៖ សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងខ្លាំងទៅកាន់ពិភពលោកទាំងមូលដ្បិតវាបានបង្កឲ្យមានវិបត្តិនយោបាយ សេដ្ឋកិច្ច មនុស្សធម៌​ ខណៈប្រទេសនៅក្បែរខាងរុស្ស៊ីមួយចំនួនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ថ្ងៃណាមួយរុស្ស៊ីនឹងបន្តឈ្លានពានចូលក្នុងទឹកដីរបស់ពួកគេនិងបង្កើតឲ្យមានភ្លើងសង្គ្រាមដូចនៅក្នុងប្រទេសអ៊ុយក្រែនអីចឹងដែរ។ នៅចំពោះការព្រួយបារម្ភនេះគេបានកត់សម្គាល់ឃើញថា ពលរដ្ឋជាស្រ្តីនៅក្នុងប្រទេសហ្វាំងឡង់ជាច្រើននាក់បាននាំគ្នាទៅចូលហ្វឹកហាត់ជំនាញមូលដ្ឋានសម្រាប់ការពារជាតិដើម្បីទុកប្រើប្រាស់ក្នុងករណីដែលថ្ងៃណាមួយរុស្ស៊ីបើកការឈ្លានពានចូលក្នុងដែនដីហ្វាំងឡង់។

ពលរដ្ឋហ្វាំងឡង់ម្នាក់គឺអ្នកស្រី Moberg អាយុ ៤៦ឆ្នាំ មានកូន ៤នាក់ និងកំពុងចូលរៀនវគ្គហ្វឹកហាត់ជំនាញការពារជាតិនោះបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា គាត់បានសម្រេចចូលរៀនជំនាញពិសេសមួយនេះដោយស្ម័គ្រចិត្ត ហើយជាច្រើនសប្តាហ៍មកនេះគាត់បានចេះជំនាញជាច្រើនដូចជាការប្រើប្រាស់កាំភ្លើង ការបំលាស់ទីនៅលើសមរភូមិ របៀបនៃការបំពេញតួនាទីជាទាហានបម្រុង និងជំនាញសំខាន់ៗមួយចំនួនទៀតផងដែរ។ គួរបញ្ជាក់ជូនថា ហ្វាំងឡង់មានព្រំដែនរួមគ្នាជាមួយរុស្ស៊ីប្រវែងប្រមា​ណជា ១,៣០០ម៉ែត្រ ហើយបច្ចុប្បន្នហ្វាំងឡង់មានកម្លាំងយោធាប្រមាណជា​ ១៣,០០០នាក់​ និងក្នុងនោះមានបុគ្គលិកយោធាភេទស្រីប្រហែលជា ១៩%ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia 

Share This Post: