អន្តរជាតិ

អ្នកកាសែតអង់គ្លេសនិងអ្នកជំនាញប្រេស៊ីលកំពុងបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូនយ៉ាងអាថ៌កំបាំងបំផុតក្នុងអំឡុងពេលចុះស្រាវជ្រាវចងក្រងសៀវភៅមួយក្បាល

BY
Pheakdey
June 8, 2022

ប្រេស៊ីល៖ អ្នកកាសែតឯករាជ្យជនជាតិអង់គ្លេសម្នាក់រួមជាមួយនិងអ្នកជំនាញជនជាតិប្រេស៊ីលម្នាក់កំពុងបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូនយ៉ាងអាថ៌កំបាំងបំផុតក្នុងអំឡុងពេលដែលពួកគាត់កំពុងចុះស្រាវជ្រាវដើម្បីចងក្រងសៀវភៅមួយក្បាល។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា បុរសជាអ្នកការសែតអង់គ្លេសមានឈ្មោះថា Dom Phillips អាយុ ៥៧ឆ្នាំ ខណៈបុរសជាអ្នកជំនាញប្រេស៊ីលមានឈ្មោះថា Bruno Pereira អាយុ ៤១ឆ្នាំ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះពួកគាត់ទាំង ២នាក់បានធ្វើដំណើរដោយទូកមួយឆ្ពោះទៅកាន់តំបន់ជ្រលង Javari ដែលជាតំបន់ដាច់ស្រយាលមួយក្នុងព្រៃអាម៉ាហ្សូននិងមានទីតាំងស្ថិតនៅក្នុងចំណុចព្រំដែននៃប្រទេសប្រេស៊ីលជាប់និងប្រទេសប៉េរូ។

ប្រភពខាងលើបានបញ្ជាក់ថា បុរសទាំង ២រូបនេះបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារនិងក្រុមការងារចាប់តាំងពីថ្ងៃអាទិត្យមកម្លេះ ពោលគឺនៅពេលដែលពួកគេកំពុងធ្វើដំណើរដោយទូក ហើយរហូតមកទល់នឹងពេលនេះគេគ្មានទទួលបានតម្រុយណាមួយអំពីពួកគាត់ទាល់តែសោះ ពោលគឺគេមិនដឹងថាពួកគាត់ទំនងជាជាប់ក្នុងនៅតំបន់ណាមួយ បានជួបគ្រោះថ្នាក់អ្វី នៅរស់ឬក៏ស្លាប់បាត់ហើយនោះទេ។ នៅចំពោះមុខការបាត់ខ្លួនធនធានមនុស្សដ៏មានតម្លៃនេះ ក្រុមគ្រួសាររបស់ពួកគាត់និងក្រុមសកម្មជនធម្មជាតិជាច្រើនកំពុងស្នើសុំឲ្យរដ្ឋាភិបាលប្រេស៊ីលបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីស្វែងរកពួកគាត់ដោយមានការដាក់ពង្រាយក្រុមការងារក្រុមយោធា កងទ័ពជើងទឹក និងឧទ្ធម្ភាគចក្រជាដើម ខណៈគិតត្រឹមពេលនេះអាជ្ញាធរប្រេស៊ីលបានត្រឹមចាត់ឲ្យមន្ត្រីប៉ូលិសចំនួន ៦នាក់ប៉ុណ្ណោះមកដោះស្រាយករណីមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: