អន្តរជាតិ

អាមេរិកអនុម័តលក់គ្រឿងបន្លាស់នាវាចម្បាំងតម្លៃ ១២០លានដុល្លារឲ្យទៅកោះតៃវ៉ាន់

BY
Pheakdey
June 10, 2022

តៃវ៉ាន់៖ សហរដ្ឋអាមេរិកបានសម្រេចលក់គ្រឿងបន្លាស់នាវាចម្បាំងដែលមានតម្លៃ ១២០លានដុល្លារឲ្យទៅកោះតៃវ៉ាន់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ  ទី១០ ខែមិថុនានេះ។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានបញ្ជាក់ថា ការអនុម័តលក់គ្រឿងបន្លាស់នាវាចម្បាំងក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះគឺត្រូវបានធ្វើឡើងតបតាមការស្នើសុំរបស់ស្ថានទូតតៃវ៉ាន់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈអាមេរិកធ្លាប់បានសន្យាថានឹងជួយការពារតៃវ៉ាន់គ្រប់ពេលវេលាប្រសិនបើតៃវ៉ាន់ត្រូវរងនូវការឈ្លានពានពីសំណាក់ប្រទេសចិន។

ប្រភពខាងលើបានបន្តថា គោលបំណងរបស់តៃវ៉ាន់ក្នុងការបញ្ជាទិញកញ្ចប់គ្រឿងបន្លាស់នាវាចម្បាំងនេះគឺដើម្បីធ្វើទំនើបកម្មក្នុងវិស័យយោធាជើងទឹករបស់ខ្លួននិងដើម្បីបញ្ជាក់ថា តៃវ៉ាន់បានត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅនឹងសកម្មភាពគំរាមគំហែងក្នុងរូបភាពណាមួយដែលចិនតែងធ្វើជាញឹកញាប់នៅលើដែនសមុទ្ររបស់ខ្លួន។ សូមបញ្ជាក់ជូនថា វាមិនមែនជារឿងថ្មីឡើយដែលតៃវ៉ាន់បានបញ្ជាទិញសម្ភារៈយោធាពីអាមេរិកមកប្រើប្រាស់នោះ ដ្បិតនិន្នាការនេះតែងកើតមានជារឿយៗហើយជាក់ស្តែងកាលពីពេលថ្មីៗនេះតៃវ៉ាន់ក៏ទើបបានបញ្ជាទិញប្រព័ន្ធការពារដែនអាកាសមួយដែលតម្លៃ ៩៥លានដុល្លារពីសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: