គ្រួសារមួយនាំគ្នារៀបចំពិធីអបអរកូនស្រីទើបប្រលងចប់ តែមិនមែនសាទរចំពោះលទ្ធផលប្រលងឡើយគឺអបអរ “នាងអាចមានស្នេហាបានហេីយ”
- BY
- Pheakdey
- June 11, 2022
ចិន៖ គ្រួសារធំមួយបាននាំគ្នាទៅរៀបចំពិធីអបអរសាទរយ៉ាងអធិកអធមនៅមុខមណ្ឌលប្រលងមួយកន្លែងដើម្បីលើកទឹកចិត្តចំពោះកូនស្រីម្នាក់ដែលត្រូវបញ្ចប់ការប្រលងថ្នាក់ជាតិដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ។ យ៉ាងណាក្តីពិធីនោះមិនមែនជាការសាទរចំពោះលទ្ធផលប្រលងឡើយ តែវាជាការអបអរក្នុងឱកាសដែលកូនស្រីទើបប្រលងចប់រូបនោះដល់ពេលដែលអាចមានស្នេហាបាន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា សកម្មភាពដ៏កម្រខាងលើនេះត្រូវបានគេប្រទះឃើញកើតមាននៅក្នុងក្រុង Mangshi ខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃពុធកន្លងទៅនេះ ដែលជាថ្ងៃបិទបញ្ចប់ការប្រលង Gaokao (ការប្រលងថ្នាក់ជាតិដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ) នៅទូទាំងប្រទេសចិន។

ប្រភពខាងលើបានបន្តថា នៅក្នុងក្បួនអបអរសាទរនោះមានទាំងការលើកបដា ច្រៀង រាំ ប្រើឧបករណ៍ភ្លេង ថតរូប ខណៈសមាជិកចូលរួមក្នុងក្បួនមានដូចជាម្តាយឪពុក អ៊ំពូមីង និងបងប្អូនរបស់យុវសិស្សភេទស្រីម្នាក់ឈ្មោះ Deng Ziling។ គួរបញ្ជាក់ថា Gaokao គឺជាកម្មវិធីប្រលងដ៏សំខាន់បំផុតមួយសម្រាប់កូនសិស្សទូទាំងប្រទេសចិន ព្រោះបើមិនអាចជាប់ការប្រលងនេះទេគឺគ្មានឱកាសចូលរៀនតាមមហាវិទ្យាល័យឡើយនិងគ្មានលទ្ធភាពស្វែងការងារល្អបាននោះទេ។ ជាទូទៅដើម្បីជាប់ការប្រលងនេះកូនសិស្សត្រូវខំប្រឹងប្រែងរៀនសូត្រនិងត្រៀមខ្លួនមុនយ៉ាងតិចមួយឆ្នាំ ហើយក្នុងអំឡុងពេលត្រៀមខ្លួននេះកូនសិស្សភាគច្រើនគឺគ្មានពេលសម្រាប់ការកំសាន្តសប្បាយឡើយ ហើយចំពោះរឿងស្នេហាវិញគឺជារឿងដែលត្រូវចៀសវាងបំផុតទើបមានពេលវេលាផ្តោតលើការសិក្សាគ្រប់គ្រាន់។ បើតាមក្រុមគ្រួសាររបស់យុវសិស្ស Deng Ziling បានប្រាប់ឲ្យដឹងថា ពួកគាត់មិនបានគិតដល់លទ្ធផលនៃការប្រលងយ៉ាងម៉េចនោះទេ ហើយការរៀបចំសកម្មភាពនេះក៏មិនមែនផ្តោតសំខាន់ឲ្យកូនស្រីរបស់ពួកគាត់ត្រូវតែមានស្នេហាដែរ តែអ្វីៗគ្រប់យ៉ាងនេះត្រូវបានធ្វើឡើងដើម្បីឲ្យកូនស្រីរបស់ពួកគាត់អាចមានអារម្មណ៍សប្បាយរីករាយ ដ្បិតរូបនាងមានសម្ពាធចំពោះការប្រលងមួយនេះយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែមកហើយ៕


អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






