អន្តរជាតិ

ការសិក្សាមួយបង្ហាញថា ពិភពលោកកំពុងធ្វើដំណើរឆ្ពោះទៅកាន់យុគសម័យអាវុធនុយក្លេអ៊ែរថ្មីមួយ

BY
Pheakdey
June 13, 2022

ការសិក្សាមួយបានបង្ហាញថា ចំនួនអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនឹងកើនឡើងនៅក្នុងទសវត្សរ៍ខាងមុខនេះ  ហើយវាក៏ជាការកើនឡើងលើកដំបូងផងដែរបើគិតចាប់តាំងពីអំឡុងពេលដែលពិភពលោកមានសង្គ្រាមត្រជាក់មក ពោលគឺកាលពី ៣៥ឆ្នាំមុន។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm International Peace Research Institute (SIPRI) និងត្រូវបានចុះផ្សាយបន្តដោយការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ​ ទី១៣ ខែមិថុនានេះ។ របាយការណ៍របស់ SIPRI បានបង្ហាញថា ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរចំនួន ៩មានដូចជាអង់គ្លេស ចិន បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងរុស្ស៊ីមានគឺមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបចំនួន ១២,៧០៥គ្រាប់នៅក្នុងឆ្នាំ ២០២២នេះ ខណៈកាលពីអំឡុងឆ្នាំ ១៩៨៦ ក្បាលនុយក្លេអ៊ែរសកលមានរហូតដល់ប្រមាណជា ៧០,០០០ឯណោះ។

យ៉ាងណាក្តី SIPRI បានបញ្ជាក់ថា នៅពេលនេះពិភពលោកកំពុងធ្វើដំណើរឆ្ពោះទៅកាន់យុគសម័យនៃអាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀតហើយ ពោលគឺពិភពលោកនឹងផ្តើមផលិតអាវុធក្លេអ៊ែរក្នុងចំនួនដ៏ច្រើនឡើងវិញ។ ទន្ទឹមនឹងមានកំណើននៃការផលិតអាវុធនុយក្លេអ៊ែរឡើងវិញនេះ ប្រទេសមួយចំនួនដូចជាចិន និងអង់គ្លេសជាដើមក៏នឹងត្រូវធ្វើទំនើបកម្មជាផ្លូវការ និងក្រៅផ្លូវការចំពោះឃ្លាំងអាវុធទាំងមូលរបស់ពួកគេផងដែរ។ ក្នុងការសិក្សារបស់ SIPRI បានបន្តថា ចំពោះហេតុផលដែលជំរុញឲ្យមាននិន្នាការមួយនេះគឺដោយសារឥទ្ធិផលនៃភ្លើងសង្គ្រាមរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី​ ដ្បិតពិភពលោកមានការព្រួយបារម្ភថារុស្ស៊ីអាចនឹងបន្តគំរាមគំហែងប្រទេសផ្សេងទៀត ដូចនេះគេត្រូវតែពង្រឹងកម្លាំងយោធារបស់ខ្លួនជាពិសេសផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀតដើម្បីទប់ទល់នឹងឥទ្ធិពលរុស្ស៊ី៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍​

Share This Post: