អន្តរជាតិ

កូរ៉េខាងត្បូងបានខាតបង់សេដ្ឋកិច្ចជាង១,២ពាន់លានដុល្លារក្នុងរយៈពេលត្រឹមមួយសប្តាហ៍នៃការធ្វើកូដកម្មពីសំណាក់ក្រុមអ្នកបើករថយន្តដឹកទំនិញ

BY
Pheakdey
June 14, 2022

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹង​ថា កូដកម្មទ្រង់ទ្រាយធំរបស់ក្រុមអ្នកបើកបររថយន្តដឹកទំនិញនៅកូរ៉េខាងត្បូងបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណជា ១,៦លានលានវ៉ុន (១,២ពាន់លានដុល្លារអាមេរិក)ហើយ​ បើគិតត្រឹមថ្ងៃចន្ទ ទី១៣ ខែមិថុនា ដែលជាថ្ងៃទី៧ នៃការធ្វើកូដកម្ម ខណៈកូដកម្មក៏បានបន្តអូសបន្លាយចូលដល់ថ្ងៃទី ៨ផងដែរនៅក្នុងថ្ងៃអង្គារ ទី១៤ ខែមិថុនានេះ។ ​គួររម្លឹកថា គោលបំណងនៃការធ្វើកូដកម្មពីសំណាក់ក្រុមអ្នកបើករថយន្តដឹកទំនិញនៅពេលនេះគឺដើម្បីទាមទារដំឡើងប្រាក់ឈ្នួលចំពោះការងាររបស់ពួកគាត់និងទាមទារឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរិមាមួយ ដ្បិតស្ថានភាពនៅពេលនេះគឺពួកគាត់ត្រូវធ្វើការងារច្រើនជាងមុន ចំណាយច្រើនជាងមុន​ ខណៈតម្លៃទំនិញនៅលើទីផ្សារបានហក់ឡើងយ៉ាងខ្ពស់។

ចាប់តាំងពីមានកូដកម្មនៅថ្ងៃទី៧ ខែមិថុនាមក ក្រុមអ្នកសម្របសម្រួលដំណាងឲ្យភាគីរដ្ឋាភិបាលនិងសហជីពសាមគ្គីភាពអ្នកដឹកទំនិញបានជួបពិភាក្សាគ្នាជាច្រើនដងហើយ តែគិតត្រឹមពេលនេះគេនៅមិនទាន់អាចរកឃើញដំណោះស្រាយសមស្របណាមួយនៅឡើយទេ។ គួរបញ្ជាក់ថា នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានក្រុមអ្នកបើកបររថយន្តដឹកទំនិញជាង ៤០០,០០០នាក់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការនាំទំនិញសំខាន់ៗជាច្រើនប្រភេទចេញពីកូរ៉េខាងត្បូងសម្រាប់លក់ទៅកាន់ទីផ្សារអន្តរជាតិ។ កូដកម្មបានធ្វើឲ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូនក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំង  ហើយនៅចំពោះមុខស្ថានភាពបែបនេះមានក្រុមហ៊ុនផលិតរថយន្ត ផលិតដែកថែប ផលិតស៊ីម៉ង់ និងក្រុមហ៊ុនធំៗមួយចំនួនទៀតត្រូវបង្ខំចិត្តកាត់បន្ថយនិងផ្អាកការផលិតរបស់ខ្លួនជាបណ្តោះអាសន្ន ខណៈភាពអសកម្មនេះក៏បានធ្វើឲ្យក្រុមហ៊ុនទាំងអស់នោះត្រូវខាតបង់ប្រាក់ចំណូលយ៉ាងច្រើនផងដែរ។ គួរបញ្ជាក់ជូនថា បញ្ហាខាងលើនេះបានកើតឡើងស្របពេលកូរ៉េខាងត្បូងកំពុងប្រឈមនឹងវិបត្តិអតិផរណាក្នុងកម្រិតដ៏ខ្ពស់មួយ ពោលគឺអតិផរណាបានកើនឡើង ៤,៨% ជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Straits Times

 

Share This Post: