Netflix គ្រោងបង្កើតហ្គេមពិតដូចក្នុងរឿង “Squid Game” ដោយផ្តល់ប្រាក់រង្វាន់រហូតដល់ ៤,៥លានដុល្លារ
- BY
- Pheakdey
- June 15, 2022
សម្រាប់ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែភាពយន្តរឿង “Squid Game” ប្រាកដជាបានដឹងហើយថា ឈុតឆាកនៃការលេងហ្គេមមរណៈនៅក្នុងខែ្សភាពយន្តមានភាពព្រឺព្រួចនិងរន្ធត់ចិត្តខ្លាំងយ៉ាងណានោះ។ បន្ទាប់ពីបានមើលរឿងយ៉ាងជក់ចិត្តរួចហើយ មានប្រិយមិត្តមួយចំនួនថែមទាំងមានអារម្មណ៍ចង់សាកល្បងលេងហ្គេមដែលមានលក្ខណៈប្រថុយប្រថានដូចនៅក្នុងរឿងនោះទៀតផង។ សម្រាប់អ្នកដែលចង់សាកល្បងលេងហ្គេមបែបផ្សងព្រេងនេះទំនងជាអាចសម្រេចក្តីស្រមៃបានរបស់ខ្លួនបានហើយនៅពេលឆាប់ៗនេះ ដ្បិតពេលនេះក្រុមហ៊ុន Netflix កំពុងរៀបចំគម្រោងបង្កើតការលេងហ្គេមសម្រាប់មនុស្សពិតៗ ដែលមានលក្ខណៈដូចការលេងហ្គេមនៅក្នុងរឿង “Squid Game” អីចឹងដែរ។

បើតាមលោក Brandon Riegg ដែលជាអនុប្រធានក្រុមហ៊ុន Netflix បានប្រាប់ឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនានេះថា ក្នុងគម្រោងនៃការលេងហ្គេមពិតនឹងត្រូវអនុញ្ញាតឲ្យមានអ្នកចូលរួមលេងចំនួន ៤៥៦នាក់ ហើយប្រាក់រង្វាន់វិញមានចំនួនរហូតដល់ ៤,៥៦ដុល្លារអាមេរិក។ យ៉ាងណាក្តី ហ្គេមពិតនឹងខុសពីហ្គេមនៅក្នុងរឿងខ្លះៗនិងជាពិសេសនោះអ្នកចាញ់ក្នុងការលេងហ្គេមពិតនឹងមិនត្រូវស្លាប់បាត់បង់ជីវិតឡើយដោយពួកគាត់គ្រាន់តែតម្រូវឲ្យចាកចេញពីកម្មវិធីដោយគ្មានទទួលបានប្រាក់រង្វាន់ប៉ុណ្ណោះ។ គួររម្លឹកជូនថា រឿង “Squid Game” ត្រូវបានដាក់ឲ្យទស្សនាកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ដោយខ្សែភាពយន្តមួយនេះមានអ្នកចូលទស្សនាច្រើនបំផុតនៅលើ Netflix ផងដែរ ហើយពេលនេះខាងផលិតកម្មក៏កំពុងរៀបចំគម្រោងផលិតរឿង “Squid Game” រដូវកាលទី ២បន្ថែមទៀតផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






