កូដកម្មទ្រង់ទ្រាយធំពីសំណាក់ក្រុមអ្នកបើកបររថយន្តដឹកទំនិញនៅកូរ៉េខាងត្បូងបានបិទបញ្ចប់ហើយ ក្រោយរដ្ឋាភិបាលសម្រេចបន្តកំណត់ប្រាក់ឈ្នួលអប្បបរិមាសម្រាប់ពួកគាត់
- BY
- Pheakdey
- June 15, 2022
កូរ៉េខាងត្បូង៖ ទីបំផុតរឿងរ៉ាវចម្រូងចម្រាសរវាងក្រុមអ្នកបើកបររថយន្តដឹកទំនិញជាមួយនិងរដ្ឋាភិបាលកូរ៉េខាងត្បូងបានឈានដល់ការបិទបញ្ចប់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia កាលយប់ថ្ងៃអង្គារ ទី១៤ ខែមិថុនានេះ។ កូដកម្មត្រូវបានបិទបញ្ចប់ដោយភាគីខាងរដ្ឋាភិបាលសម្រេចបន្តកំណត់ប្រាក់ឈ្នួលអប្បបរិមាមួយចំពោះក្រុមអ្នកបើកបរ ខណៈតំណាងភាគីខាងសហជីពសាមគ្គីភាពអ្នកដឹកទំនិញក៏យល់ព្រមទទួលយកលក្ខខណ្ឌដែលបានផ្តល់ជូននោះដែរ។

គួររម្លឹកជូនថា គិតត្រឹមថ្ងៃបិទបញ្ចប់វិវាទនេះគឺការធ្វើកូដកម្មពីសំណាក់ក្រុមអ្នកបើកបររថយន្តដឹកទំនិញនៅទូទាំងប្រទេសកូរ៉េខាងត្បូងបានអូសបន្ថាយអស់រយៈពេល ៨ថ្ងៃ ហើយក្នុងអំឡុងជាង ១សប្តាហ៍នេះកូរ៉េខាងត្បូងត្រូវខាតបង់សេដ្ឋកិច្ចអស់ប្រមាណជា ១,២ពាន់លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានក្រុមអ្នកបើកបររថយន្តដឹកទំនិញជាង ៤០០,០០០នាក់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការនាំទំនិញសំខាន់ៗជាច្រើនប្រភេទចេញពីកូរ៉េខាងត្បូងសម្រាប់លក់ទៅកាន់ទីផ្សារអន្តរជាតិ ហើយការធ្វើកូដកម្មពីសំណាកក្រុមដែលជាសរសៃឈាមនៃការដឹកជញ្ជូននេះគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូនទូទាំងកូរ៉េខាងត្បូង ខណៈនៅចំពោះមុខស្ថានភាពបែបនេះមានក្រុមហ៊ុនផលិតរថយន្ត ផលិតដែកថែប ផលិតស៊ីម៉ង់ និងក្រុមហ៊ុនធំៗមួយចំនួនទៀតត្រូវបង្ខំចិត្តកាត់បន្ថយនិងផ្អាកការផលិតរបស់ខ្លួនជាបណ្តោះអាសន្នផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






