កូរ៉េខាងជើងរកឃើញ “ជំងឺរាតត្បាតស្រួចស្រាវ” ថ្មីមួយទៀតបន្ថែមពីលើរលកនៃការរាតត្បាតកូវីដ-១៩
- BY
- Pheakdey
- June 16, 2022
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីករណីរាតត្បាតជំងឺដ៏កាចសាហាវថ្មីមួយបន្ថែមទៀត ស្របពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩មួយរួចទៅហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនានេះ។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ថា ជំងឺថ្មីនោះជាជំងឺអ្វីឲ្យប្រាកដនោះទេ ហើយចំនួនជំងឺជាក់ស្តែងនិងអ្នកដែលមានការពាក់ព័ន្ធក៏មិនត្រូវបានបង្ហាញដែរ តែអ្វីដែលគេបានដឹងនោះវាគឺជាប្រភេទជំងឺដែលជាប់ទាក់ទងជាមួយក្រពេះនិងពោះវៀនរបស់អ្នកជំងឺ។

បើតាមប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅជំងឺថ្មីនោះថាជា “ជំងឺរាតត្បាតស្រួចស្រាវ” ហើយដើម្បីឆ្លើយតបនឹងការរកឃើញជំងឺឆ្លងថ្មីនោះ មេដឹកនាំផ្តាច់ការកូរ៉េខាងជើងបានបញ្ជាឲ្យបញ្ជូនសម្ភារៈវេជ្ជសាស្រ្តសំខាន់ៗជាច្រើនឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Haeju ជាបន្ទាន់សម្រាប់ត្រៀមជួយសង្គ្រោះអ្នកជំងឺនៅទីនោះ។ ដោយឡែកចំពោះស្ថានភាពចុងក្រោយនៃជំងឺកូវីដ-១៩វិញគឺគិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនសរុបជាង ៤,៥៦លាននាក់ និងអ្នកស្លាប់សរុបចំនួន ៧៣នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






