អន្តរជាតិ

កូរ៉េខាងជើងថា មានពលរដ្ឋប្រមាណ ៨០០គ្រួសាររងគ្រោះ ដោយសារជំងឺក្រពះពោះវៀនប្រភេទថ្មីមួយ ដែលមិនទាន់កំណត់ឈ្មោះបាន

BY
Pheakdey
June 17, 2022

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រ ទី១៧ ខែមិថុនានេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានរៀបចំជំនួយ ដើម្បីបញ្ជូនទៅអោយប្រជាពលរដ្ឋចំនួន ៨០០គ្រួសារ ដែលរងគ្រោះដោយជំងឺក្រពះពោះវៀនថ្មីមួយប្រភេទ ដែលគិតរហូតដល់ទល់នឹងពេលនេះគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណឬដាក់ឈ្មោះជាក់លាក់ណាមួយឲ្យជំងឺនោះបាននៅឡើយទេ។ សម្រាប់អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានត្រឹមហៅជំងឺថ្មីនោះថា “ជំងឺរាតត្បាតស្រួចស្រាវ” គួរឲ្យបារម្ភមួយ ខណៈជំងឺថ្មីនេះគឺជាប្រភេទជំងឺដែលមានជាប់ទាក់ទងជាមួយនិងក្រពះពោះវៀនរបស់ជនរងគ្រោះ។

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ភ្លាមៗក្រោយបានរកឃើញជនរងគ្រោះដោយជំងឺថ្មីនេះ ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកូរ៉េខាងជើងជាច្រើននាក់ផ្សេងទៀតបានប្រញាប់ប្រញាល់រៀបចំកញ្ចប់ជំនួយដើម្បីយកទៅចែកជូនដល់ក្រុមប្រជាពលរដ្ឋទាំង ៨០០គ្រួសារនោះផងដែរ។ សូមបញ្ជាក់ជូនថា ការរាតត្បាតជំងឺក្រពះពោះវៀនថ្មីនេះគឺត្រូវបានកើតឡើងបន្ថែមពីលើការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលជារលកដំបូងសម្រាប់ប្រទេសកូរ៉េខាងជើង។ នៅថ្ងៃទី ១៧ មិថុនានេះ​ អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានប្រកាសពីការរកឃើញអ្នកមានរោគសញ្ញាគ្រុនក្តៅចំនួន ២៣,១៦០ នាក់ ខណៈអ្នកមានរោគសញ្ញាគ្រុនក្តៅសរុបមានចំនួន ៤,៥៨នាក់ និងស្លាប់សរុប ៧៣នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: