ស្រីលង្កានៅសល់ប្រេងឥន្ធនៈក្នុងស្តុកសម្រាប់ប្រើប្រាស់បានត្រឹមតែ ៥ថ្ងៃទៀតប៉ុណ្ណោះ
- BY
- Pheakdey
- June 17, 2022
ស្រីលង្កា៖ រដ្ឋមន្ត្រីក្រសួងថាមនិងអគ្គិសនីនៃប្រទេសស្រីលង្កាបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនាម្សិលមិញនេះថា ស្រីលង្កានៅសល់ប្រេងឥន្ធនៈក្នុងស្តុកសម្រាប់ប្រើប្រាស់បានត្រឹមតែរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលស្រីលង្កាអាចធ្វើបាននៅពេលនេះគឺកំពុងរង់ចាំការយល់ព្រមពីសំណាក់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ចំពោះសំណើសុំផ្តល់កម្ចីប្រេងឥន្ទនៈ ដែលមានតម្លៃ ៥០០លានដុល្លារសម្រាប់យកមកប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់មួយ។

វិបត្តិខ្វះខាតប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសស្រីលង្កាបានវិវឌ្ឍន៍ទៅរកស្ថានភាពអាក្រក់ខ្លាំងបំផុតនៅក្នុងសប្តាហ៍នេះ ដោយស្ថានីយ៍ប្រេងឥន្ទនៈជាច្រើននៅទូទាំងប្រទេសសុទ្ធតែគ្មានប្រេងសាំងសម្រាប់លក់នោះទេ ហើយចំពោះស្ថានីយ៍ដែលអាចនៅបន្តដំណើរការបានវិញគឺគេត្រូវតម្រង់ជួរចាំចូលចាក់ប្រេងសាំងរាប់គីឡូម៉ែត្រឯណោះ។ គួរបញ្ជាក់ជូនថា ស្រីលង្កាដែលមានប្រជាពលរដ្ឋសរុបជាង ២២លានាក់កំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៧ទសវត្សរ៍ចុងក្រោយនេះ ដោយបញ្ហាបានបង្កឡើងដោយសារតែតម្លៃរូបិយប័ណ្ណបរទេស ដែលជាទុកបម្រុងរបស់ប្រទេសមួយនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ខណៈបញ្ជានេះបានធ្វើឲ្យស្រីសង្កាត្រូវជួបការលំបាកបំផុតក្នុងការនាំចូលទំនិញសំខាន់ដូចជាប្រេងឥន្ទនៈ អាហារ និងថ្នាំពេទ្យពីបរទេស៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






