ចិនសម្ពោធនាវាផ្ទុកយន្តហោះដ៏ទំនើបបំផុតទី៣ របស់ខ្លួន ស្របពេលមានភាពតានតឹងខ្លាំងជាមួយអាមេរិក
- BY
- Pheakdey
- June 17, 2022
ចិន៖ នៅថ្ងៃសុក្រ ទី១៧ ខែមិថុនានេះ ចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់នាវាផ្ទុកយន្តហោះដ៏ទំនើបបំផុតចុងក្រោយមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។ នាវាផ្ទុកយន្តហោះនោះត្រូវបានគេដាក់ឈ្មោះថា Fujian ជាឈ្មោះខេត្តមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន ខណៈនាវា Fujian គឺជានាវាផ្ទុកយន្តហោះទី ៣របស់រដ្ឋាភិបាលចិនផងដែរ។ សម្រាប់នៅក្នុងភាសាបច្ចេកទេសយោធាចិននាវា Fujian ត្រូវបានគេចាត់ទុកថាជាប្រភេទនាវាចម្បាំង Type 003 ដែលមានបំពាក់ទៅដោយប្រព័ន្ធទំនើបសម្រាប់បាញ់មីស៊ីល មានទីធ្លាយ៉ាងធំទូលាយសម្រាប់ការចុះថតរបស់យន្តហោះចម្បាំងជាច្រើនគ្រឿង និងមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ខណៈនាពេលកន្លងមានតែអាមេរិកប៉ុណ្ណោះដែលមាននាវាទំនើបប្រភេទនេះ។

ប្រភពខាងលើបានបញ្ជាក់ថា Fujian គឺជានាវាដែលត្រូវបានរចនានិងផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសផ្ទាល់តែម្តង ពោលគឺចិនមិនបានទិញបច្ចេកវិទ្យានៃការផលិតពីប្រទេសណានោះទេ។ គួរកត់សម្គាល់ថា ការដាក់សម្ពោធនាវាផ្ទុកយន្តហោះទី ៣ របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលចិននិងអាមេរិកហាក់កំពុងមានភាពតានតឹងជាមួយគ្នាយ៉ាងខ្លាំងជុំវិញបញ្ហាកោះតៃវ៉ាន់។ សម្រាប់ក្រុមអ្នកឃ្លាំមើលស្ថានភាពនយោបាយរវាងចិននិងអាមេរិកបានលើកឡើងថា ការបង្ហាញនាវាផ្ទុកយន្តហោះរបស់ចិននៅពេលនេះក៏ជាការផ្ញើសារមួយទៅកាន់អាមេរិកផងដែរ ដោយបញ្ជាក់ថាចិនក៏មានសមត្ថភាពអាចផលិតនាវាទំនើបដូចអាមេរិកដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាមេរិកមាននាវាផ្ទុកយន្តហោះទំនើបដូចប្រភេទខាងលើនេះរហូតដល់ ១១គ្រឿងឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






