ម៉ាកាវសម្រេចផ្អាកអាជីកម្មមួយចំនួនជាបណ្តោះអាសន្នដើម្បីធ្វើតេស្តកូវីដ-១៩ទ្រង់ទ្រាយធំទូទាំងក្រុង
- BY
- Pheakdey
- June 20, 2022
ម៉ាកាវ៖ ម៉ាកាវដែលជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងធំបំផុតនៅលើពិភពលោកបានសម្រេចផ្អាកសកម្មភាពអាជីកម្មសំខាន់ៗជាច្រើនរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរសុខាពិបាលអាចធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំទូទាំងក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនានេះ។ ទីតាំងដែលត្រូវបានណែនាំឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្ននោះមានដូចជា ធនាគារ សាលារៀន ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ការិយាល័យរដ្ឋាភិបាលមួយចំនួន ខណៈកាស៊ីណូនៅអាចនៅបន្តសកម្មភាពអាជីវកម្មរបស់ខ្លួនបាន។

ប្រភពខាងលើបានបញ្ជាក់ថា ដែនដីម៉ាកាវដែលមានប្រជាពលរដ្ឋសរុបជាង ៦សែននោះបានផ្តើមធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយចំនួន ២ថ្ងៃមកហើយ បើគិតត្រឹមថ្ងៃចន្ទនេះ ខណៈតាមផែនការគឺគេគ្រោងនឹងបញ្ចប់យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនេះនៅត្រឹមថ្ងៃអង្គារ ទី២១ ស្អែកនេះ។ សូមបញ្ជាក់ជូនថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំរបស់អាជ្ញាធរម៉ាកាវនៅពេលនេះត្រូវបានធ្វើឡើងក្រោយពីមានការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨នាក់កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ដែលវាជាចំនួនដ៏ច្រើនមួយសម្រាប់ម៉ាកាវ ព្រោះថ្មីៗនេះម៉ាកាវគ្មានករណីឆ្លងថ្មីឡើយ ហើយចំនួនអ្នកឆ្លងនាពេលកន្លងមកក៏មិនច្រើនដែរ ពោលគឺជាមធ្យមមាន ១ករណីប៉ុណ្ណោះក្នុងរយៈពេលជាច្រើនសប្តាហ៍។ សូមបញ្ជាក់ជូនផងដែរថា គិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក ម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៩១នាក់ ហើយម៉ាកាវគ្មានករណីស្លាប់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






