អន្តរជាតិ

កូរ៉េខាងត្បូងរកឃើញអ្នកដំណើរ ២នាក់សង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox

BY
Pheakdey
June 22, 2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនានេះបានរាយការណ៍អំពីករណីរកឃើញអ្នកដំណើរ ២នាក់សង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន​ Channel News Asia។ ក្នុងចំណោមអ្នកជំងឺទាំង ២នាក់នោះគឺមានម្នាក់ជាដំណើរជនជាតិបរទេសដែលបានមកដល់ទឹកដីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយបច្ចុប្បន្នរូបគាត់កំពុងដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងប៊ូសាន ដែលមានចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រទីក្រុងស៊េអ៊ូល។

ដោយឡែកសម្រាប់អ្នកជំងឺម្នាក់ទៀតវិញគឺជាពលរដ្ឋកូរ៉េខាងត្បូងដែលទើបធ្វើដំណើរត្រលប់មកពីប្រទេសអាឡឺម៉ង់កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ បច្ចុប្បន្នរូបគាត់កំពុងដាក់សម្រាកឲ្យព្យាបាលនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តក្នុងទីក្រុងអ៊ីនឈុន ដែលមានចម្ងាយប្រមាណជា ៣៤គីឡូម៉ែត្រពីទីក្រុងស៊េអ៊ូល។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺអ្នកជំងឺទាំង ២នាក់ខាងលើនេះសុទ្ធតែបានបង្ហាញថាមានរោគសញ្ញានៃជំងឺអុតស្វា Monkeypox តែយ៉ាងណាក្តីគេនៅមិនទាន់ទទួលបានលទ្ធផលធ្វើតេស្តបញ្ជាក់ជាផ្លូវការរបស់ពួកគាត់នៅឡើយទេ។ លទ្ធផលតេស្តនិងការពិនិត្យសំណាករបស់ពួកគាត់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយក្រោយពីការទទួលបានលទ្ធផលតេស្ត អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងធ្វើសន្និសិទ្ធសារព័ត៌មួយដើម្បីនិយាយលម្អិតជុំវិញករណីនេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: