អន្តរជាតិ

ភោជនីយដ្ឋានបណ្តែតទឹកខ្នាតយក្សមួយគ្រឿងតម្លៃជិត ៤លានដុល្លារ នៅទីក្រុងហុងកុង បានលិចនៅកណ្តាលសមុទ្រ (មានវីដេអូ)

BY
Pheakdey
June 22, 2022

ហុងកុង៖ ភោជនីយដ្ឋានបណ្តែតទឹកខ្នាតយក្សមួយគ្រឿងរបស់ទីក្រុងហុងកុងបានលិចនៅលើដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត USA Today កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនាម្សិលមិញនេះ។ ភោជនីយដ្ឋានបណ្តែតទឹកខ្នាតយក្សនោះមានឈ្មោះថា Jumbo Floating Restaurant ​ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Aberdeen Restaurant Enterprises Ltd. ដែលដាក់ទុនវិនិយោគ ៣០លានដុល្លារហុងកុង (ប្រហែលជាង ៣,៨លានដុល្លារអាមេរិក) ហើយនាពេលកន្លងមកភោជនីយដ្ឋានបណ្តែតទឹកមួយនេះគឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយសម្រាប់ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ប្រភពខាងលើបានបន្តថា​ Jumbo Floating Restaurant បានចេញដំណើរពីទីក្រុងហុងកុងដោយបើកកាត់តាមបណ្តុំកោះ Paracel Islands ឆ្ពោះទៅកាន់ដែនសមុទ្រចិនខាងត្បូង ហើយក៏បានជួបឧប្បត្តិហេតុអកុសលមួយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយទឹកសមុទ្របានផ្តើមលិចក្នុងភោជនីយដ្ឋានបន្តិចម្តងៗរហូតដល់កម្រិតមួយដែលគេត្រូវទាញសញ្ញាអាសន្នជាបន្ទាន់។

នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះគេបានហៅក្រុមហ៊ុនជួយសង្គ្រោះមួយដើម្បីមកធ្វើអន្តរាគមន៍ជួយជម្លៀសអ្នកដំណើរចេញពីភោជនីយដ្ឋាន និងជួយសង្គ្រោះភោជនីយដ្ឋានមិនឲ្យលិចចូលទៅក្នុងសមុទ្រ។ យ៉ាងណាក្តី ដោយសារទឹកមានជម្រៅជ្រៅខ្លាំងពេលទើបគេមិនអាចជួយសង្គ្រោះភោជនីយដ្ឋានបាននោះទេ ហើយនៅទីបំផុតវាក៏បានលិចកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះតែម្តង។ បើទោះជាភោជនីយដ្ឋានបានលិចក៏ដោយចុះ តែហេតុការណ៍អកុសលនេះមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់ស្លាប់ឬរងរបួសនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ USA Today

 

Share This Post: