កីឡាការីនីជម្រើសជាតិអាមេរិកម្នាក់ ខ្យល់គរសន្លប់បាត់បង់ស្មារតីក្នុងទឹកអំឡុងពេលការប្រកួតប្រជែងលំដាប់ពិភពលោក
- BY
- autoadmin
- June 24, 2022
ហេតុការណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅក្នុងការប្រកួត FINA World Aquatics Championships 2022 នៅទីក្រុង Budapest នៃប្រទេសហុងគ្រី កាលពីថ្ងៃទី ២២ មិថុនា ដោយកីឡាការីនី Anita Alvarez ដែល ជាអ្នករាំក្រោមទឹកជម្រើសជាតិសហរដ្ឋអាមេរិក បានសន្លប់បាត់ស្មារតីភ្លាមៗ ក្នុងអំឡុងពេលប្រកួតប្រជែង បណ្តាលអោយលិចចូលទៅបាតអាង។ ទោះជាយ៉ាងនេះក្ដី ជាសំណាងល្អគ្រូបង្វឹកគឺលោក Andrea Fuentes បានលោតចូលទៅជួយកូនក្រុមភ្លាមៗ បន្ទាប់មកក៏មានក្រុមសង្គ្រោះបន្ទាន់នៅក្នុងកម្មវិធីប្រកួតនេះចូលទៅជួយស្រង់យកកីឡាការីនីមកសង្គ្រោះបឋមបានសម្រេច។

បើតាមរបាយការណ៍បញ្ជាក់តថា នារីវ័យ ២៥ ឆ្នាំរូបនេះនៅតែសន្លប់ ខណៈនាងត្រូវបានគេយកទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃអាងហែលទឹក ដោយក្នុងអំឡុងពេលនៃការជួយសង្គ្រោះនេះផងដែរបានទទួលសម្លេងទះដៃអបអរ និងលើកទឹកចិត្តពីសំណាកទស្សនិកជន ចំណែកក្រុមគ្រួសារ និងមិត្តភក្តិរបស់កីឡាករជម្រើសជាតិសហរដ្ឋអាមេរិកក៏ភ្ញាក់ផ្អើលជាមួយហេតុការណ៍ខាងលើនេះផងដែរ។ ចំណែកក្រុមរាំនៅក្រោមទឹករបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយថា កីឡាការីនី Alvarez មានសុវត្ថិភាព។ ជាមួយគ្នានេះ គ្រូបង្វឹក Fuentes បានរៀបរាប់លម្អិតថា “Anita មានទឹកនៅក្នុងសួតរបស់នាង ប៉ុន្តែអ្វីៗគឺល្អឥឡូវនេះ នាងបាននិយាយថា នាងចង់ទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ”។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ នេះមិនមែនជាលើកទីមួយទេ ដែល Alvarez ដួលសន្លប់ក្នុងទឹក ពោលគឺ នាងធ្លាប់សន្លប់ក្នុងការប្រកួតជម្រុះអូឡាំពិកឆ្នាំមុន ដែលនៅពេលនោះ ម្តាយរបស់ Alvarez បាននិយាយ ថានាងធ្លាប់សន្លប់ដូចអ្នកដទៃដែរ ប៉ុន្តែនាងមិនធ្លាប់ដួលសន្លប់ក្នុងអំឡុងពេលការប្រកួតកន្លងមកទេ៕




អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






